
សភានៃប្រទេសអ៊ូហ្គង់ដាបានបន្ធូរបន្ថយសេចក្ដីស្នើច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នា ដែលដើមឡើយបានកំណត់ទោសឧក្រិដ្ឋលើបុគ្គលដោយគ្រាន់តែកំណត់ថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នា។ នៅពេលដែលសេចក្ដីស្នើច្បាប់នោះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងខែមីនា វាបានធ្វើឱ្យផ្ទុះកំហឹងក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស ។
ក្រុមសមាជិកនៃវិស័យសាធារណៈនឹងតម្រូវឲ្យរាយការណ៍ពីបុគ្គលដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នាទៅកាន់អាជ្ញាធរ។ សកម្មជនម្នាក់បានប្រាប់សារព័ត៌មាន BBC ពីការជជែកវែកញែកជុំវិញសេចក្ដីស្នើច្បាប់នេះថា វានាំឱ្យមានភាពភ័យខ្លាចក្នុងការវាយប្រហារកាន់តែច្រើនលើអ្នកស្រលាញ់ភេទដូចគ្នា។
ក្រោយមក សេចក្ដីស្នើច្បាប់នេះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់សភាវិញ បន្ទាប់ពីប្រធានាធិបតីលោក Yoweri Museveni ស្នើឱ្យមានការផ្លាស់ប្តូរ។ លោកបាននិយាយថា ប្រការដែលដាក់ទោសទណ្ឌអ្នកដែលកំណត់ថាជាមនុស្សស្រឡាញ់ភេទដូចគ្នា នឹងនាំឱ្យមានការកាត់ទោសមនុស្សដោយគ្រាន់តែផ្អែកលើរូបរាងខាងក្រៅរបស់ពួកគេ។
សកម្មភាពផ្លូវភេទដូចគ្នាជាអំពើខុសច្បាប់ក្នុងប្រទេសអ៊ូហ្គង់ដាជាយូរមកហើយ ដោយជាកេរដំណែលនៃរបបគ្រប់គ្រងអាណានិគម។ ទោះបីជាការតាក់តែងឡើងចុងក្រោយនៃសេចក្ដីស្នើច្បាប់នេះ ត្រូវបានបន្ធូរបន្ថយចាប់តាំងពីការដាក់ស្នើលើកដំបូងកាលពីខែមុនក៏ដោយ ក៏វានៅតែជាផ្នែកមួយដ៏តឹងរ៉ឹងបំផុតនៃច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងទ្វីបមួយនេះ៕
