
ភ្នំពេញ៖ អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា និងអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី បានជួបពិភាក្សាគ្នាឡើងវិញ ទាក់ទងនឹងករណីស្មុំកូន បន្ទាប់ពីអាក់ខានមួយរយៈដោយសារតែបញ្ហាផ្នែកច្បាប់នៅកម្ពុជា ហើយជាមួយនឹងកិច្ចពិភាក្សាជាថ្មីនេះ រដ្ឋាភិបាលអ៊ីតាលីសន្យាផ្តល់ជំនួយ និងបច្ចេកទេស ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងការស្មុំកូននេះដល់មន្រ្តីកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបជាមួយលោក VINCENZO STARITA អនុប្រធានអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសអ៊ីតាលី នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម វងសូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា បានលើកឡើងថាកម្ពុជាពិតជាមានការស្វាគមន៍ចំពោះទឹកចិត្តរបស់ប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី ដែលស្រលាញ់សាច់ឈាមប្រជាជនខ្មែរ ដោយស្នើសុំស្មុំកូនពីកម្ពុជាទៅចិញ្ចឹមនៅប្រទេសខ្លួន ខណៈករណីនេះគឺភាគីទាំងពីរមានការទំនាក់ទំនង និងធ្វើមកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈដោយសារកត្តាផ្សេងៗ ជាពិសេសគឺផ្នែកច្បាប់នេះតែម្តង។
យោងតាមរបាយកាណ៍របស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជាបានបញ្ជាក់ថា ការដែលកម្ពុជាសម្រេចផ្អាកមួយរយៈរឿងករណីស្មុំកូនជាមួយរដ្ឋាភិបាលអ៊ីតាលីនេះ គឺដោយសារតែកម្ពុជាត្រូវការពេលវេលាដើម្បីរៀបចំនីតិវិធី បទដ្ឋានគតិយុត្តិមួយចំនួនសម្រាប់អនុវត្តច្បាប់ ស្តីពីការស្មុំកូនអន្តរប្រទេស។ បន្ទាប់ពីកម្ពុជារៀបចំតាក់តែងច្បាប់ស្តីពីការស្មុំកូនហើយនោះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យបើកស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០ ប៉ុន្តែ អាស្រ័យដោយសារកូវីដ១៩ ក៏បានរាំងស្ទះមិនអាចអនុ វត្តបាន។
សូមបញ្ជាក់ថាកម្ពុជា និងអ៊ីតាលី មានទំនាក់ទំនងលើការងារស្មុំកូនអន្តរប្រទេស តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ហើយក្នុងនោះ កុមារកម្ពុជាដែលបានផ្តល់ជាកូនទៅប្រទេសអ៊ីតាលីនោះ គឺមានចំនួនរហូតដល់៧៩៥នាក់ ក្នុងនោះស្រី២៥៧នាក់។
លោក VINCENZO STARITA បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអ៊ីតាលីពិតជាមានសេច ក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចការស្មុំកូនជាមួយប្រទេសកម្ពុជា ខណៈកិច្ចការនេះភាគីទាំងពីរបានធ្វើរួមគ្នា យូរមកហើយ រហូតដល់បានទទួលកូនពីកម្ពុជាទៅប្រទេសអ៊ីតាលីរាប់រយនាក់ថែមទៀត។ អ្នកស្រីបានបន្ត ថាប្រជាជនអ៊ីតាលីពិតជាស្រលាញ់សាច់ឈាមកម្ពុជាពិតប្រាកដ ហើយដើម្បីឲ្យកិច្ចការនេះស្របទៅតាម ស្តង់ដាជាតិ និងអន្តរជាតិ រដ្ឋាភិបាលអ៊ីតាលីនឹងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាល ដល់មន្រ្តីកម្ពុជាទាក់ទងនឹងករណីស្មុំកូននេះ៕ អត្ថបទ៖ បាន ចក់

