
ក្រុមឧត្តមសេនីយមីយ៉ាន់ម៉ានិយាយថាពួកគេបានលើកលែងទោសដល់អ្នកទោសនយោបាយជាង២.០០០នាក់ ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃបុណ្យ និងជាវិស្សមកាលដ៏សំខាន់ខាងព្រះពុទ្ធសាសនា។
សារព័ត៌មាន Myanmar Now បានរាយការណ៍នៅថ្ងៃពុធនេះ ដោយសំអាងដល់សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការក្រុមប្រឹក្សាយោធា ឧត្តមសេនីយ៍ឯកលោក Aung Lin Dwe ថា យោធាបាននិយាយថា មនុស្សចំនួន ២.១៥៣ នាក់ដែលត្រូវជាប់ពន្ធនាគារពីបទ "ញុះញង់" នឹងត្រូវបានដោះលែងដោយផ្អែកលើ "ហេតុផលមនុស្សធម៌" ។
យោធាមីយ៉ាន់ម៉ា បានបង្ក្រាបគូប្រជែងរបស់ខ្លួនដោយប្រើកម្លាំងដ៏គ្រោះថ្នាក់និងបានឃុំខ្លួនមនុស្សរាប់ពាន់នាក់ចាប់តាំងពីការដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១។
មីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង ៣.០០០នាក់ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនកាលពីខែមុន ប៉ុន្តែនៅក្នុងឱកាសនោះ មិនបាននិយាយជាក់លាក់ថា ក្រុមអ្នកទោសនយោបាយនឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងនោះឬយ៉ាងណាទេ៕

