ព្រះសីហនុ៖ ថ្ងៃទី២នៃការប្រកួតកីឡាទូកក្តោង ថៃបន្តឈរលេខរៀងទី១ ខណៈកម្ពុជានៅលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង៦ ដែលចូលរួមប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោងនៅខេត្តព្រះសីហនុ។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ បានបន្តការប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង ដែលមានកីឡាករ កីឡាការិនី ចូលរួមមកពី៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៉ី ដែលមានរយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។ បើតាមលោក សោមសុទ្ធ រិទ្ធពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា ចំពោះទិដ្ឋភាពនៃការប្រកួតថ្ងៃទី២នេះ បានជួបប្រទះឧបសគ្គបន្តិចបន្តួចដោយសារភ្លៀង និងបរិមាណខ្យល់មិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យលុបចោលការប្រកួតនៃជុំទី១ ក្នុងចំណោមវិញ្ញាសារទាំង៩។
លោក សោមសុទ្ធ រិទ្ធពង្ស បញ្ជាក់ថា ជាលទ្ធផលក្នុងការប្រកួតថ្ងៃទី២ ប្រទេសថៃនៅតែបន្តនាំមុខដោយពិន្ទុខ្ពស់ជាងគេ ហើយទី២គឺសិង្ហបុរី ទី៣ម៉ាឡេស៉ី ខណៈកម្ពុជាឈរនៅលេខរៀងទី៤។
ជាមួយគ្នានេះ កីឡាករទូកក្តោងមកពីប្រទេសថៃ បានលើកឡើងថា ការប្រកួតកីឡាទូកក្តោងនៅកម្ពុជាពិតជារៀបចំបានយ៉ាងល្អ ទាំងការកំណត់ទីតាំងប្រកួត និងការយកយកចិត្តទុកដាក់ដល់កីឡាករគ្រប់រូប។
ខេត្តព្រះសីហនុ ត្រូវបានរៀបចំការប្រកួតកីឡាស៉ីហ្គេម ចំនួន៣ប្រភេទ ទី១.កីឡាទូកក្ដោង, ទី២កីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា ហើយគ្រោងចាប់ផ្តើមប្រកួតនាថ្ងៃទី១៣ ខណៈកីឡាបាល់ទះលើឆ្នេរខ្សាច់ ធ្វើឡើងនៅឆ្នេរជំទាវម៉ៅ ក៏នឹងចាប់ផ្តើមនាថ្ងៃទី១១ខាងមុខ៕ ដោយ ៖ ឧត្ដម







