កណ្ដាល ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ គឺជាមហាកិត្តិយស និង ជាមោទកភាពយ៉ាងធំធេងសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូលខណៈព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានកម្ពុជាទទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយនោះ។
ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា«ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ គឺជាកិតិ្តយស និងជាមោទកភាពដ៏ធំធេងមួយសម្រាប់កម្ពុជាយើង ដែលធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច មកជាទឹកដីកោះសុខសន្តិភាពស្ថិរភាព និងភាពសប្បាយរីករាយរួបរួមគ្នា ហើយបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភ័ក្តិអន្តរជាតិមកពីគ្រប់ទិសទី។ ទាំងនេះមិនមែនជាការចៃដន្យ ប៉ុន្តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ»។
ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានយ៉ាងប្រទាក់ក្រទ្បា។ ជាក់ស្តែង គម្រោងធំៗរបស់រាជរដ្ឋាភិបាលក្នុងតំបន់នេះមានដូចជា៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិតជាដើម។ល។ ហើយគម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែកកាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជានៅទូទាំងខេត្តកណ្តាលចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លា និងសប្បុរសរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្របង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕ អត្ថបទ៖ បាន ចក់



















