សៀមរាប ៖ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងសៀមរាប ខេត្តសៀមរាបហើយ នាថ្ងៃទី២ខែឧសភានេះ ដោយមានពលរដ្ឋនៅខេត្តសៀមរាប ទទួលស្វាគមន៍យ៉ាងច្រើនកុះករ។
ការដង្ហែព្រះអគ្គិជ័យនេះ ដឹកនាំគណៈប្រតិភូ ដោយឯកឧត្តមនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC និងឯកឧត្តមទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឯកឧត្តមទៀ សីហា បានបង្ហាញអារម្មណ៍រំភើបរីករាយ និងមានមោទកភាពដែលខេត្តសៀមរាបមានឱកាសទទួលភ្លើងព្រះអគ្គិជ័យកីឡាចំនួន២លើក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សម្រាប់អ្នកចូលរួមដង្ហែភ្លើងព្រះអគ្គិជ័យកីឡា បានលើកឡើងដែរថា ការសម្រចចូលរួមដង្ហែក្បួននេះ គឺចង់ឃើញភ្លើងគប់កីឡាបែបម៉េច ហើយលូវបានឃើញផ្ទាល់ហើយ ពិតជារំភើបរីករាយ។
បន្ទាប់ ពី បញ្ចប់ ការ ដង្ហែនៅក្រុងសៀមរាប ព្រះអគ្គិជ័យ បានដង្ហែយកទៅ តម្កល់ ទុក មួយយប់នៅក្នុង វត្ត រាជបូរណ៍ មុនបន្តដង្ហែទៅកាន់កំពង់ធំនៅថ្ងៃស្អែក។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឫហៅថា ស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ដំបូង នឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាប្រកួត៣៧ប្រភេទ ស្មើនឹង៥៨១វិញ្ញាសារ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២ ០ ២៣ ដោយមានការប្រកួតកីឡាចំនួន១៣ប្រភេទ ស្មើរនឹង៤៣១វិញ្ញាសារ៕អត្ថបទ៖ទូច សោភ័ណ












