ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា ទទួលបានការអនុម័ត ទាំងស្រុង ដោយសម្លេងគំាទ្រជាឯកច្ឆន្ទចំនួន ៥៧សម្លេង។
ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គប្រជុំ កាលពីព្រឹកថ្ងៃទី២ ខែឧសភាកន្លងទៅ គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការ បានពិនិត្យ និងពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់ រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ព្រមទាំងសហការី ដោយឃើញថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
ជាកិច្ចបន្ទាប់ ដោយមានការអនុញ្ញាតពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រនូវរបាយការណ៍លម្អិតរបស់ឯកឧត្តមប្រធានគណៈកម្មាធិការទី៩ ហើយបានជម្រាបជូនសម័យប្រជុំបន្ថែមអំពីខ្លឹមសារសំខាន់ៗ អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត នៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។
តាមឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងក្លាយជាយន្តការមួយក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត៕ ដោយ ៖ បូរ៉ាវី




