
កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹង "វិបត្តិមនុស្សធម៌ដ៏ធំបំផុត" នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមសម្រាប់ផែនការឆ្លើយតបខាងមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
លោក Guterres បាននិយាយថា បច្ចុប្បន្ននេះ ៩៧ភាគរយ នៃចំនួនប្រជាជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងរស់នៅក្នុងភាពក្រីក្រ ខណៈដែល ២ភាគ៣ នៃចំនួនប្រជាជន ត្រូវការជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិតនៅឆ្នាំនេះ។ លោកបានព្រមានថា ផែនការឆ្លើយតបខាងមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដែលស្វែងរកថវិកាចំនួន៤,៦ ពាន់លានដុល្លារ ទទួលបានត្រឹមតែ២៩៤ លានដុល្លារប៉ុណ្ណោះ ដែលនៅខ្វះរហូតដល់៩៤ភាគរយ។
យោងតាមក្រុមអ្នកជំនាញ ការផ្តល់មូលនិធិអន្តរជាតិ មិនអាចផ្តល់ដោយផ្ទាល់ដល់រដ្ឋាភិបាលតាលីបង់បានទេនៅពេលនេះ ដោយសារការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ដែលបានធ្វើឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានចុះខ្សោយ និងជំរុញឱ្យមានភាពក្រីក្រ។ ទុនបម្រុងរដ្ឋរបស់អាហ្វហ្គានីស្ថាន នៅតែត្រូវបង្កកនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយមិនអាចយកទៅប្រើដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានបានទេ៕

