ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy លោកឯកអគ្គរាជទូតជប៉ុន Ueno Atsushi និងដៃគូដទៃទៀតបានមកជួបជុំគ្នា នៅថ្ងៃទី០៣ ខែឧសភានេះ នាទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងសម័យសង្គ្រាម ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។
ពិធីនេះ ដែលរៀបចំដោយស្ថានទូតបារាំង និងស្ថានទូតអាមេរិកនៅភ្នំពេញ រម្លឹកដល់អ្នកសារព័ត៌មានចំនួន៣៧ នាក់ មកពីប្រទេសចំនួន១១ ដូចជាប្រទេសជប៉ុន បារាំង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលត្រូវបានសម្លាប់ ឬបាត់ខ្លួននៅក្នុងសង្គ្រាមនៅកម្ពុជា។
ឯកអគ្គរដ្ឋទូត Pellet, ឯកអគ្គរដ្ឋទូត Murphy និងឯកអគ្គរដ្ឋទូត Ueno មើលឃើញពីតួនាទីដ៏សំខាន់នៃសារព័ត៌មានសេរី នៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គណនេយ្យភាព និងតម្លាភាព។
ឯកអគ្គរដ្ឋទូត Murphy មានប្រសាសន៍ថា ៖ «ក្នុងពេលដែលយើងរម្លឹកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទីនេះ និងនៅជុំវិញពិភពលោក យើងសូមសម្តែងការគាំទ្រចំពោះសេរីភាពសារព័ត៌មាន ហើយឈរនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
ឯកអគ្គរដ្ឋទូត Pellet មានប្រសាសន៍ថា ៖ «សេរីភាពសារព័ត៌មានគឺជាសសរស្តម្ភមួយនៃសង្គមប្រជាធិបតេយ្យ។ វាតម្រូវឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយធានាថាប្រជាពលរដ្ឋអាចទទួលបានព័ត៌មានដោយត្រឹមត្រូវ និងមិនលម្អៀង”។
ឯកអគ្គរដ្ឋទូត Ueno មានប្រសាសន៍ថា៖«សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យសេរី»។
យោតាមសេចក្ដីប្រកាសព័ត៌មាន ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចូលរួមជាមួយអ្នកសារព័ត៌មាន នៅទិវាអន្តរជាតិនាថ្ងៃនេះ ដើម្បីបង្ហាញការប្តេជ្ញាចិត្តចំពោះសារព័ត៌មានសេរី និងដើម្បីបង្ហាញការគាំទ្រចំពោះប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ៕ ដោយ ៖ ដារ៉ា






