ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍Air Asia បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំបិទស្លាកសញ្ញា Beyond the Games ស្លាកសញ្ញាឡូហ្គូ SEA GAMESលើកទី៣២ និងស្លាកសញ្ញា សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក លើយន្តហោះ Air Asia ពង្រីកការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះរបស់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និងASEAN PARA GAMESទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។
ឯកឧត្តម សុខ សប្បាយណា ក្នុងនាមជាប្រធានប្រតិបត្តិនៃយុទ្ធនាការBEYOND THE GAMES បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែឧសភានេះ ថា ការបិទផ្សាយស្លាកសញ្ញា Beyond The Games ដែលមានរូបបេះដូង នៅលើយន្តហោះអ៊ែរអេស៊ាន គឺយើងចង់ផ្សព្វផ្សាយបង្ហាញថា កម្ពុជា ប្រទេសតូច តែមានបេះដូងធំ ហើយអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម ដែលមានការទទួលស្វាគមន៍ ភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍ប្រកបដោយភាពញញឹមរាក់ទាក់ និងចង់ផ្សព្វផ្សាយវប្បធម៌ស្រឡាញ់សន្តិភាពរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិផងដែរ។
បើតាមលោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែរស៊ាន បានថ្លែងថា ក្រុមហ៊ុនAir Asia នឹងដំណើរបិទស្លាកសញ្ញា Beyond the Games ស្លាក SEA GAMESលើកទី៣២ និងស្លាកសញ្ញា ស.ស.យ.ក លើយន្តហោះ Air Asia រយៈពេលជាង២ខែ ខណៈតាមរយៈការហោះហើរយន្តហោះមួយគ្រឿងនេះទៅតាមបណ្តាប្រទេសអាស៊ាន នឹងរួមចំណែកជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិឲ្យស្គាល់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ SEA GAMES។
តាមការបញ្ជាក់ពីឯកឧត្តម សុខ សប្បាយណា បច្ចុប្បន្ន ស្លាកសញ្ញាBEYOND THE GAMES ដែលផ្សព្វផ្សាយពីការងារជាច្រើនដែលកម្ពុជាបាននិងកំពុងធ្វើលើសពីការរៀបចំព្រឹត្តិការណ៍SEA GAMES គឺបាននិងកំពុងផ្សព្វផ្សាយនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ផ្សព្វផ្សាយស្ថានទូតកម្ពុជាប្រចាំនៅបណ្តាប្រទេសនានា មានការផ្សព្វផ្សាយតាមការដង្ហែរភ្លើងគុប តាមព្រលានយន្តហោះនានាតាមបណ្តាប្រទេសតាមរយៈយន្តហោះAIR ASIAជាដើម៕ អត្ថបទ៖ ស៊ុម សុខជា