
រដ្ឋអាជ្ញាសាធារណៈអាល្លឺម៉ង់ និងនគរបាលរដ្ឋបាននិយាយថា នគរបាលអាល្លឺម៉ង់បានចាប់ខ្លួនមនុស្សរាប់សិបនាក់នៅទូទាំងប្រទេសនៅថ្ងៃពុធនេះ ក្នុងការស៊ើបអង្កេតលើក្រុមឧក្រិដ្ឋកម្មរបស់ប្រទេសអ៊ីតាលីឈ្មោះថា Ndrangheta ។
ពួកគេបាននិយាយថា យុទ្ធនាការបង្ក្រាបនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលមានការសម្របសម្រួលធ្វើដោយក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសអាល្លឺម៉ង់ បែលហ្សិក បារាំង អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញ ព្រមទាំង ទីភ្នាក់ងារអនុវត្តន៍ច្បាប់របស់សហភាពអឺរុប Europol និងទីភ្នាក់ងារសហភាពអឺរុបបង្ក្រាបឧក្រិដ្ឋកម្ម Eurojust ។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះមានមនុស្ស ៤ នាក់នៅរដ្ឋ Bavaria, ១៥ នាក់នៅរដ្ឋ North Rhine-Westphalia និង ១០ នាក់នៅរដ្ឋ Rhineland Palatinateភាគនិរតីរបស់អាល្លឺម៉ង់ ហើយនគរបាលបានរឹបអូសយកភ័ស្តុតាងសំខាន់ៗនៅទីតាំងរាប់សិបកន្លែង រួមទាំងលំនៅឋាន និងការិយាល័យផងដែរ។
ក្រុមការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Duesseldorf, Koblenz, Saarbruecken និងទីក្រុង Munich បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនគរបាលរដ្ឋនៅទីក្រុង Bavaria, North Rhine-Westphalia, Rhineland Palatinate និង Saarland ថា ក្រុមជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលាងលុយខ្មៅ គេចពន្ធ ការគៃបន្លំ និងរត់ពន្ធគ្រឿងញៀន។
