
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានប្រកាសសុំការយោគយល់អធ្យាស្រ័យ ដល់បងប្អូនជនរួមជាតិទាំងអស់ ចំពោះសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាសផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។
សម្តេចតេជោ ហ៊ុន សែន សូមអោយពលរដ្ឋដែលមិនបានសំបុត្រចូលទស្សនាកម្មវិធីបើក និងបិទ ព្រឹត្តិការណ៍ស៊ីហ្គេម សូមមានការយោគយល់អធ្យាស្រ័យ ព្រោះទីកន្លែងទស្សនាផ្ទាល់ មានកម្រិត ដាក់បានត្រឹមចំនួន ៥ម៉ឺននាក់ ខណៈអ្នកចង់ចូលទស្សនាផ្ទាល់រហូតដល់កន្លះលាននាក់ឯណោះ។
សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា ប្រសិនបើប្រជារដ្ឋណា ដែលបានទទួលសំបុត្រចូលទស្សនាផ្ទាល់នូវកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេមរួចហើយ ប៉ុន្តែ មិនអាចទៅទស្សនាបាន សូមប្រគល់សំបុត្រទាំងនោះទៅដល់បងប្អូនសាច់ញាតិ ក្រុមគ្រួសារ មិត្តភក្តិទៅទស្សនាជំនួសវិញ ព្រោះសំបុត្រទស្សនានៅកំណត់ទៅតាមទីតាំងដែលអាចផ្ទុកមនុស្សបានត្រឹមតែប្រមាណ ៥ម៉ឺននាក់ប៉ុណ្ណោះ៕