ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ពិធីសាសនានេះ ប្រារព្ធធ្វើឡើងនៅ ថ្ងៃ ទី៣និងទី៤ ខែឧសភា ឆ្នាំ២០២៣ នៅ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចធម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។
បើទោះបីរយៈកាលនៃការបាត់បង់អ្នក ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានរំលងផុតទៅ អស់រយៈកាល៣ឆ្នាំមកហើយក្តី ក៍មនោសញ្ចេតនានៃក្តីគោរពស្រឡាញ់ ពីសំណាក់កូនចៅ ចៅទួតទាំងអស់ នៅតែដក់ជាប់ក្នុងដួងចិត្ត ដោយក្តីនឹករលឹកគ្មានថ្ងៃល្ហែល្ហើយឡើយ។

ការប្រារព្ធបុណ្យខួបគម្រប់៣ឆ្នាំនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវ កតញូតា និងកតវេទីតាធម៍ ដ៏ធំធេង ក្នងមនោសញ្ចេតនា នឹករលឹកដោយក្តីគោរពស្រឡាញ់ពីសំណាក់កូនចៅ ចៅទូត ដល់លោកអ្នកមានគុណ ដែលបានផ្តល់កំណើត ផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សា រហូត ប្រែក្លាយជីវិតកូនចៅ បានយ៉ាងគាប់ប្រសើរ ក្នុងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ល្បីល្បាញ ទទួលបានការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅទូទាំងផ្ទៃប្រទេស។

សូមជម្រាបជូនដែរថា ក្នុងពេលដែល ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានៅមានជន្មាយុ ព្រឹទ្ធមហាឧបាសិកា គឺជាពុទ្ធសានិកជនមួយរូបប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការរួម ចំណែកទ្រទ្រង់លើកតម្កើង ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានចូលរួមកសាងនូវសមិទ្ធផលយ៉ាងច្រើនទុកជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ក៍ដូចជាផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ។ ជាងនេះទៅទៀត ព្រឹទ្ធមហាឧបាសិកា នៅបានបរិច្ចាគធនធានយ៉ាងច្រើនផងដែរក្នុងការជួយដល់កិច្ចការមនុស្សធម៌ ក៍ដូចជាកិច្ចការសង្គមនានា តាមរយៈការកសាងសមិទ្ធផលនានាជាច្រើនទៀតក្នុងសង្គមជាតិ៕















