រុស្ស៊ី៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រទេសអ៊ុយក្រែនពីបទប៉ុនប៉ងធ្វើឃាតពុំបានសម្រេចលើលោកប្រធានាធិបតី Vladimir Puin តាមរយៈការវាយប្រហារដោយយានដ្រូន និងបានប្ដេជ្ញាសងសឹក។ប៉ុន្តែលោក Zelenskyy បានបដិសេធថា អ៊ុយក្រែនពុំបានវាយប្រហារទៅលើលោក Putinឬ ក្រុងមូស្គូទេ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធទី៣ឧសភាថា លោក Putin បរាជ័យក្នុងការបង្ហាញជ័យជម្នះក្នុងសង្រ្គាមនេះទើបចោទប្រកាន់ទីក្រុង Kyiv ថាបានវាយប្រហារដោយយានដ្រូនលើវិមានក្រឹមឡាំង។
វីដេអូបង្ហាញពីវត្ថុហោះជិតកំពូលរាងក្រឡូមឬដោមរបស់វិមានក្រឹមឡាំង មុនពេលផ្ទុះ ។ សារព័ត៌មាន Reuters មិនអាផ្ទៀងផ្ទាត់រូបភាពនេះបានទេ។
វិមានក្រឹមឡាំងនិយាយថា រុស្ស៊ី បានត្រៀមសិទ្ធិក្នុងការសងសឹក ហើយក្រុមអ្នកប្រកាន់តឹងរបស់ប្រទេសនេះ បានទាមទារឲ្យផ្ដន្ទាទោសភ្លាមៗ លើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងនិយាយថា យានហោះគ្មានមនុស្សបើកបរចំនួន២គ្រឿង បានដាក់គោលដៅលើវិមានក្រឹមឡាំង។ដោយសារតែចាត់វិធានការទាន់ពេលវេលាពីសំណាក់យោធា និងសេវាពិសេស ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្រ្គាម ឧបករណ៍ទាំងនោះមិនអាចធ្វើប្រតិបត្តិការចំគោលដៅបានឡើយ។

សេចក្ដីថ្លែងការណ៍ដដែលនេះ បាននិយាយថា បំណែកយានដ្រូនត្រូវធ្លាក់រាយប៉ាយក្នុងបរិវេនវិមានក្រឹមឡាំង តែពុំបណ្ដាលឲ្យមនុស្សរងរបួសឬ ខូចខាតអ្វីឡើយ ហើយលោក Putin ក៏មានសុវត្ថិភាពដែរ ៕