បាល់ទាត់៖ ក្រុមបាល់ទាត់វិសាខាដែលកំពុងបោះជំរំហ្វឹកហាត់ នៅទីក្រុងបាងកកប្រទេសថៃនឹងបន្ដធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះដោយត្រូវជួបក្រុមសាកលវិទ្យាល័យ Rangsit University Football Club ឬក្រុម RSU FC របស់ថៃនៅកីឡដ្ឋាន Rangsit University។
នេះគឺជាការប្រកួតមិត្តភាពអន្តរជាតិលើកទី២ របស់ក្រុមវិសាខា ក្រៅធ្វើដំណើរទៅដល់ទឹកដីថៃកាលពីថ្ងៃទី០៧ ខែមករាកន្លងទៅ គ្រាដែលប្រកួតដំបូង វិសាខា បានយកឈ្នះក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA ដែលជាអតីតក្រុមចាស់របស់កីឡាករ ចាន់ វឌ្ឍនាកា ៣–១។ ការប្រកួតនេះ វិសាខា ផ្ដោតលើការពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីទម្រង់លេងឲ្យបានល្អប្រសើរ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។ គួរបញ្ជាក់ថា ក្រុមវិសាខាគម្រោងចំណាយពេលជិតកន្លះក្នុងកម្មវិធី Pre-Season Tour របស់ខ្លួននៅប្រទេសថៃចាប់ពីថ្ងៃទី០៧–១៨ ខែមករានេះដើម្បីហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយចំនួន ជាក់ស្ដែងក្រោយជួបក្រុមម្ចាស់ផ្ទះ Rangsit University Football Club ល្ងាចនេះ ពួកគេអាចនឹងមានជំនួបមិត្តភាព ២ប្រកួតទៀត មុនធ្វើដំណើរត្រឡប់មកកម្ពុជាវិញ៕
អត្ថបទ៖ លី ឈុនឡា