អាមេរិក៖ រដ្ឋអាជ្ញារប្រចាំតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួនភរិយា និងមិត្តម្នាក់របស់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកជិតខាងរបស់គេ៥នាក់ ដោយនិយាយថា អ្នកទាំង២បានជួយជនសង្ស័យដែលចាប់ខ្លួនបានកាលពី៤ថ្ងៃមុន ។

Francisco Oropesa ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីតាមប្រមាញ់ដោយក្រុមមន្ត្រីក្នុងស្រុកនិងសហព័ន្ធ ។ ជនល្មើស ត្រូវបានរកឃើញនៅក្នុងទូដាក់សម្លៀកបំពាក់បោកអ៊ុតក្នុងផ្ទះមួយក្នុងស្រុក Montgomery ។
ក្រុមមន្ត្រីនិយាយថា ការសម្លាប់រង្គាលនេះ បានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅជិតស្រុក San Jacinto បន្ទាប់ពីក្រុមអ្នកជិតខាងបានប្រាប់ជនសង្ស័យឲ្យបញ្ឈប់ការបាញ់របស់គេដោយប្រើអាវុធវែងពាក់កណ្ដាលស្វ័យប្រវត្តិ នៅក្នុងទីធ្លារមុខផ្ទះរបស់គេ ព្រោះលាន់សំឡេងរំខានធ្វើឲ្យកូនរបស់ពួកគេភ្ញាក់ ។ ក្រោយមកបុរសវ័យ៣៨ឆ្នាំរូបនេះ បានស្ទុះចូលទៅក្នុងផ្ទះអ្នកជិតខាងនោះ និងបានបាញ់សម្លាប់មនុស្ស៥នាក់ រួមទាំងកុមារអាយុ៨ឆ្នាំម្នាក់ផង។
រដ្ឋអាជ្ញាសហព័ន្ធប្រចាំ ស្រុក San Jacinto លោក Todd Dillon បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ភរិយាជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Divimara Nava វ័យ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនិងឃុំខ្លួននៅក្នុងស្រុក Montgomery ។

លោកថា យើងជឿថា អ្នកស្រី Nava បានផ្ដល់ជំនួយជាសម្ភារៈនិងការលើកទឹកចិត្ត អាហារនិងសម្លៀកបំពាក់ ឲ្យជនល្មើស និងបានរៀបចំផ្ទះមួយនេះឲ្យគេលាក់ខ្លួន។
លោក Dillon បាននិយាយថា មិត្តម្នាក់របស់ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនដែរ ក្រោមបទចោទប្រកាន់ជួញដូរកញ្ឆា និងត្រូវបានជាប់ចោទ ពីបទជួយជនសង្ស័យរត់គេចខ្លួននៅក្នុងទីក្រុង Clevelandរដ្ឋ Texasជាទីដែលមានអំពើឧក្រិដ្ឋកម្មបានកើតឡើង ៕