លោក Donald Trump បានហៅការអះអាងរបស់អ្នកសរសេរបទអត្ថាធិប្បាយម្នាក់ ដែលថាលោកបានចាប់រំលោភអ្នកស្រីនៅហាងលក់សំលៀកបំពាក់តំបន់ Manhattan ថាជារឿងគួរឲ្យអស់សំណើច និងគួរឲ្យខ្ពើមរអើមបំផុត ក្នុងការបំភ្លឺផ្ដល់ភស្តុតាងនៅក្នុងតុលាការ កាលពីថ្ងៃពុធថា ការចោទប្រកាន់នានាត្រូវបានប្រឌិតឡើង ហើយថាជាការវាយប្រហារមិនធ្លាប់មាន។

ក្រុមមេធាវីដើមចោទរបស់លោកស្រី E. Jean Carroll បានចាក់វីដេអូមានរយៈពេលប្រមាណ៣០នាទី នៃការសម្រង់ពីការបំភ្លឺរបស់អតីតប្រធានាធិបតី រូបនេះ រួមទាំងការច្រានចោលយ៉ាងដាច់ណាត់នៃការចោទប្រកាន់របស់អ្នកសរសេរបទអត្ថាធិប្បាយផ្តល់ដំបូន្មាន ដែលលោកបានបំពានលើអ្នកស្រីកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០ នៅក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ក្នុងហាង Bergdorf Goodman។

លោក Trump បាននិយាយថា ប្រសិនបើរឿងនេះ បានកើតឡើងមែន ប្រាកដជានឹងត្រូវបានរាយការណ៍ក្នុងពេលប៉ុន្មាននាទីនោះមិនខាន ដោយលើកឡើងថា អ្នកទិញ និងបុគ្គលិកក្នុងហាងជាច្រើនដែលកំពុងមមាញឹកក្នុងហាងនោះ ប្រាកដជាលឺសំឡេងប្រតាយប្រតប់គ្នា និង ដឹងដល់ក្រុមអាជ្ញាធរមិនខាន។
លោក Trump បាននិយាយនៅក្នុងការផ្ដល់សក្ខីកម្មតាមវីដេអូកាលពីខែតុលាថា វាជារឿងគួរឲ្យអស់សំណើច និងខ្ពើមរអើមបំផុត ។នេះគ្រាន់តែជាការរៀបចំឆាកល្ខោនប៉ុណ្ណោះ។
ក្រុមចៅក្រមមួយចំនួនកំពុងមើលវីដេអូនោះដោយពុំបានបញ្ចេញមតិឡើយ ខណៈវីដេអូននេះ ត្រូវបានចាក់នៅតាមមូនីទ័ររៀងៗខ្លួននៅខាងមុខកៅអីរបស់ពួកគេ៕