ភ្នំពេញ៖ កម្ពុជាបាននាំចេញកង់តម្លៃ ២៧៨លានដុល្លារទៅកាន់ទីផ្សារបរទេសក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ពោលគឺកើនឡើងជិត ២០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា កង់ផលិតនៅប្រទេសកម្ពុជា ត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងចិន ។
បច្ចុប្បន្ននេះ រោងចក្រកង់ចំនួនប្រាំកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតភាគអាគ្នេយ៍នៃខេត្តស្វាយរៀង។
កម្ពុជា បានក្លាយជាអ្នកផ្គត់ផ្គង់កង់ដ៏ធំបំផុតសម្រាប់ទីផ្សារសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧ ដោយនាំមុខកោះតៃវ៉ាន់របស់ប្រទេសចិន ដែលបានកាន់កាប់តំណែងលេខមួយអស់រយៈពេលពីរទសវត្សរ៍។
កង់ក្លាយជាផលិតផលមិនមែនសំលៀកបំពាក់ដ៏សំខាន់មួយដែលការនាំចេញ មានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាម ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម លើកឡើងថា ការកើនឡើងនៃការនាំចេញកង់ ឆ្លុះបញ្ចាំងឱ្យឃើញពីការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្ម ពីការប្រើកម្លាំងពលកម្មដល់ការផលិតកម្លាំងជំនាញ៕ អត្ថបទ៖ វណ្ណៈ