ព្រះសីហនុ៖ ប្រជាពលរដ្ឋបន្តមកទស្សនាការប្រកួតកីឡាទូកក្តោងក្នុងខេត្តព្រះសីហនុ ខណៈលទ្ធផលប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករប្រទេសថៃ នាំមុខពិន្ទុខ្ពស់ជាងគេ។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ បានបន្តការប្រកួតកីឡាស៊ីហ្គេម ប្រភេទកីឡាទូកក្តោង ដែលមានកីឡាករ កីឡាការិនី ចូលរួមមកពី៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី ដែលមានរយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។
បើតាមលោក សោមសុទ្ធ រិទ្ធពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា ចំពោះទិដ្ឋភាពនៃការប្រកួតនៃថ្ងៃទី៣នេះ បានលើកយកវិញ្ញាសាដែលអាក់ខានកាលពីម្សិលមិញដោយសារកត្តាអាកាសធាតុមិនអំណោយផលយកមកប្រកួតមុនគេសម្រាប់កីឡាករមានអាយុក្រោម១៩ឆ្នាំ។
លោក បន្តថា វិញ្ញាសាដែលបានចាប់ផ្តើមនៅថ្ងៃនេះ គឺវិញ្ញាសាអេលកា៤ និងអេលកា៦ ដែលទូកក្តោងរបស់កីឡាករទាំង៦ប្រទេស ត្រូវប្រណាំងក្នុងចម្ងាយប្រមាណ៨០០ម៉ែត្រទៅមក ស្មើនឹងជា៣គីឡូម៉ែត្រ។
អំឡុងការប្រកួតនេះ មានប្រជាពលរដ្ឋមួយចំនួន បានអញ្ជើញមកទស្សនាដោយផ្ទាល់នៅឆ្នេរសុខា និងទីលានតេជោ បានលើកឡើងពីការពេញចិត្តចំពោះភាពជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកដំបូងរបស់កម្ពុជា ជាពិសេសការបញ្ជូលកីឡាទូកក្តោងរបស់កម្ពុជាចូលរួមប្រកួតប្រជែង ដើម្បីបង្ហាញពីសមត្ថភាព និងកីឡារបស់កម្ពុជាមានដូចនៅប្រទេសដ៏ទៃ។
ចំពោះលទ្ធផលក្នុងការប្រកួតរយៈពេលប៉ុន្មានថ្ងៃនេះ ប្រទេសថៃនៅតែបន្តនាំមុខដោយពិន្ទុខ្ពស់ជាងគេ ហើយទី២គឺសិង្ហបុរី ទី៣ម៉ាឡេស៊ី ខណៈកម្ពុជាឈរនៅលេខរៀងទី៤។
ខេត្តព្រះសីហនុ ត្រូវបានរៀបចំការប្រកួតកីឡាស៊ីហ្គេម ចំនួន៣ប្រភេទ ទី១.កីឡាទូកក្ដោង, ទី២កីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា ហើយគ្រោងចាប់ផ្តើមប្រកួតនាថ្ងៃទី១៣ ខណៈកីឡាបាល់ទះលើឆ្នេរខ្សាច់ ធ្វើឡើងនៅឆ្នេរជំទាវម៉ៅ ក៏នឹងចាប់ផ្តើមនាថ្ងៃទី១១ខាងមុខ៕







