
ក្រុមវេជ្ជបណ្ឌិតសហគមន៍ប្រទេសកូរ៉េខាងត្បូង ជាង ១ម៉ឺននាក់ និងជំនួយការគិលានុបដ្ឋាក ដែលថែទាំអ្នកជំងឺ បានចេញធ្វើកូដកម្ម កាលពីថ្ងៃពុធ តវ៉ាច្បាប់ក្រមសីលធម៌គិលានុបដ្ឋាក ដែលពួកគេព្រួយបារម្ភថានឹងធ្វើឲ្យប៉ះពាល់ដល់ការងារ ទោះបីជាវាធ្វើឲ្យប្រសើរឡើងប្រាក់ខែរបស់គិលានុបដ្ឋាក និងលក្ខខណ្ឌការងារក៏ដោយ ។
ច្បាប់ ត្រូវបានអនុម័តនៅក្នុងសភា កាលពីសប្តាហ៍មុន ត្រូវបានរៀបចំជាចម្បងដើម្បីជួយដល់គិលានុបដ្ឋាយិកា ដែលធ្វើការហួសកម្លាំង និងក្រុមមានជំនាញពេទ្យកំពុងថយចុះ ខណៈកំពុងប្រយុទ្ធប្រឆាំងនៅខ្សែជួរមុខនៃជំងឺCovid-19។
ប៉ុន្តែក្រុមវេជ្ជបណ្ឌិត មើលឃើញច្បាប់នេះថាជាការបើកទ្វារសម្រាប់គិលានុបដ្ឋាយិកាដើម្បីផ្តល់ការព្យាបាលដោយគ្មានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ ខណៈជំនួយការលិលានុបដ្ឋាក និយាយថា វានឹងបន្ថែមការងារសម្រាប់គិលានុបដ្ឋាយិកាដែលបានចុះឈ្មោះក្នុងការចំណាយរបស់ពួកគេ។ ពួកគេបានទទូចឲ្យ ប្រធានាធិបតីលោក Yoon Suk-yeol ប្រើសិទ្ធិវ៉េតូច្បាប់នេះ និងឲ្យសមាជិកសភា តាក់តែងច្បាប់នេះឡើងវិញ។
មន្ត្រីម្នាក់នៅការិយាល័យ លោក Yoon និយាយថា ការិយាល័យ នឹងសម្រេច បន្ទាប់ពីការពិភាក្សា ជាមួយក្រុមវេជ្ជសាស្ត្រ និងគណបកបក្សកំពុងកាន់អំណាច។
