
ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៦ ឆ្នាំ ខណៈដែលខ្លួនកំពុងប្រយុទ្ធ ដើម្បីរក្សាស្ថិរភាពតម្លៃ។
ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនចំនួន០,២៥ ភាគរយដែលជាការដំឡើងលើកទី១០ ក្នុងរយៈពេល ១៤ ខែ។
ធនាគារកណ្តាលបានផ្តល់សញ្ញាថាការដំឡើងកាលពីថ្ងៃពុធនោះ អាចជាលទ្ធផលចុងក្រោយសម្រាប់ពេលបច្ចុប្បន្ននេះ។ ចំណាត់ការនេះ បានជំរុញអត្រាការប្រាក់គោលរបស់ខ្លួនចន្លោះពី៥% ទៅ ៥,២៥% ដោយកើនឡើងពីចំនួនជិតចំណុចសូន្យកាលពីខែមីនាកាលពីឆ្នាំ២០២២។
អត្រាការប្រាក់កាន់តែខ្ពស់នេះ បានបង្កើនការចំណាយលើប្រាក់កម្ចីយ៉ាងគំហុកនៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ដែលជំរុញឱ្យមានការយឺតយ៉ាវក្នុងបណ្ដាវិស័យដូចជាលំនៅឋាននិងដើរតួនាទីក្នុងការរុញឲ្យមានការដួលរលំធនាគារអាមេរិកចំនួនបីកាលពីថ្មីៗនេះ។
ធនាគារបានចាប់ផ្តើមដំឡើងអត្រាការប្រាក់យ៉ាងគំហុកកាលពីឆ្នាំមុន នៅពេលដែលតម្លៃទំនិញនានានៅសហរដ្ឋអាមេរិក កំពុងកើនឡើង ក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ធនាគារកណ្តាលជុំវិញពិភពលោក រួមទាំងនៅចក្រភពអង់គ្លេស និងនៅអឺរ៉ុប ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ៕

