
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ (៣ ឧសភា)ថា ទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់១២៩នាក់ នៅក្នុងប្រទេសរ្វ៉ាន់ដា និង ៦នាក់ទៀត នៅក្នុងប្រទេសអ៊ូហ្គង់ដា ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានតាមស្វែងរកអ្នករស់រានមានជីវិតដែលជាប់ខ្លួននៅក្នុងលំនៅឋាន។
ទឹកល្បាប់បានហូរកាត់ផ្លូវដែលទឹកជន់ និងបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋ ខណៈមានគេឃើញអ្នកស្រុកកំពុងដើររើសបំណែកបាក់បែកដើម្បីជួសជុលបំណែកផ្ទះដែលនៅសល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី Paul Kagame បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងជួយប្រជាជនដែលរងផលប៉ះពាល់ រួមទាំងការផ្លាស់ទីលំនៅបណ្តោះអាសន្នផងដែរ។ កាកបាទក្រហមអ៊ូហ្គង់ដាបាននិយាយថា នៅតំបន់ភ្នំនៃប្រទេសជិតខាងអ៊ូហ្គង់ដា នៅជិតព្រំដែនជាមួយប្រទេសរ្វ៉ាន់ដា ដោយមនុស្ស៦នាក់បានស្លាប់ពេលយប់ឈានចូលថ្ងៃពុធនៅក្នុងស្រុកគីសូរ៉ូភាគនិរតី។
កាកបាទក្រហមអ៊ូហ្គង់ដានេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សដែលស្លាប់ប្រាំនាក់មកពីគ្រួសារតែមួយ ហើយបុគ្គលិកសង្គ្រោះបន្ទាន់បានចាប់ផ្តើមជីកកកាយដើម្បីទាញយកសាកសព។
ប្រទេសរ្វ៉ាន់ដា និងអ៊ូហ្គង់ដា បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងបានធន់ទ្រាំនឹងការធ្លាក់ភ្លៀងនេះ ជាបន្តបន្ទាប់តាំងពីចុងខែមីនា។ ទីភ្នាក់ងារឧតុនិយមរ្វ៉ាន់ដា បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់លើសពីមធ្យមភាគក្នុងខែឧសភា សម្រាប់ប្រទេសក្នុងអាហ្វ្រិកខាងកើត៕