គុនខ្មែរ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ជូនកីឡាករ ១៤នាក់លើ ៥ប្រភេទទម្ងន់ផ្សេងគ្នាចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២១ (SEA GAMES 2021) នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាចុងឆ្នាំខាងមុខនេះ ខណៈសហព័ន្ធមិនទាន់ចម្រាញ់រកកីឡាការិនីគុនខ្មែរបាននៅឡើយទេ។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រាប់ឱ្យដឹងថា ឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យចូលរួមប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកមានចំនួន ៤រូប និងកីឡាករចំនួន ១៤នាក់មិនមានកីឡាការិនីទេ។ ចំពោះកីឡាករទាំង ១៤នាក់នោះត្រូវជ្រើសរើសយ៉ាងត្រឹមត្រូវ ដើម្បីត្រៀមហ្វឹកហាត់ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនេះ។ ប្រភពដដែលបានឱ្យដឹងដែរថា កីឡាករទាំង ១៤រូបនោះរួមមាន ភុន ពិសិត ប្រភេទទម្ងន់ ៤៥គីឡូក្រាម, កីឡាករ សៃនី សៃណេត ប្រភេទទម្ងន់ ៤៨គីឡូក្រាម, កីឡាករ ខាំ ខ្លានាង ប្រភេទទម្ងន់ ៥១គីឡូក្រាម, កីឡាករ រិន ដាវីត ប្រភេទទម្ងន់ ៥៤គីឡូក្រាម, កីឡាករ កាន់ ម៉េងហុង ប្រភេទទម្ងន់ ៥៤គីឡូក្រាម, កីឡាករ ប៊ុន គន្ធា ប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករ លី សុជាតិ ប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ឃុន បូរ៉ា ប្រភេទទម្ងន់ ៦០គីឡូក្រាម, កីឡាករ សោម ពិសិដ្ឋ ប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម, កីឡាករ ប៉ោ ភារិទ្ធ ប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម។
ចំនែកកីឡាករ ឡៅ ចិត្ត្រា ប្រកួតវិញ្ញាសាប្រភេទទម្ងន់ ៦៧គីឡូក្រាម, កីឡាករ ប៊ុនលន បញ្ញា ប្រភេទទម្ងន់ ៦៧គីឡូក្រាម និងកីឡាករ ឡៅ ចន្ទ្រា ប្រភេទទម្ងន់ ៧១គីឡូក្រាម។ សូមជម្រាបជូនថា ការប្រកួតស៊ីហ្គេមនៅវៀតណាមចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយមានកីឡា ៤០ប្រភេទដាក់ឱ្យប្រកួត ខណៈកម្ពុជាបញ្ជូនកីឡា ៣២ប្រភេទចូលរួម៕
អត្ថបទ៖ គង់ ហួន