
រដ្ឋាភិបាលបានប្រាប់តុលាការកំពូលរបស់ប្រទេសកាលពីថ្ងៃពុធ (៣ ឧសភា) ក្នុងអំឡុងពេលការជជែកដេញដោលពីការទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាថា ឥណ្ឌានឹងបង្កើតគណៈកម្មាធិការមួយដើម្បី ពិនិត្យមើលបញ្ហាដែលដៃគូស្នេហាស្រលាញ់ភេទដូចគ្នាជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi បានជំទាស់នឹងការទាមទារផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ខ្លះមកពីដៃគូស្នេហាបុរសស្រលាញ់បុរសដូចគ្នា ដោយហេតុផលថាអាពាហ៍ពិពាហ៍បែបនេះមិនអាច "ប្រៀបធៀបជាមួយនឹងទស្សនៈក្រុមគ្រួសារឥណ្ឌាគឺ ប្តីប្រពន្ធ និងកូន"។
អគ្គមេធាវីលោក Tushar Mehta បានប្រាប់តុលាការថា គណៈកម្មាធិការមួយដែលដឹកនាំដោយការិយាល័យកំពូលរបស់ប្រទេសនឹងពិនិត្យមើលបញ្ហាជាក់ស្តែងដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា ត្រូវប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃ ហើយព្យាយាមស្វែងរកដំណោះស្រាយរដ្ឋបាលជូនពួកគេ។
ទោះជាយ៉ាងណា លោក Mehta មិនបានបង្ហាញពីការផ្លាស់ប្តូរគោលជំហររដ្ឋាភិបាលទេ។ ក្រុមអ្នកដាក់ញត្តិបានអះអាងថា បើគ្មានការទទួលស្គាល់ផ្លូវច្បាប់នៃការរៀបការទេ ពួកគេត្រូវបានបដិសេធនូវសិទ្ធិដូចជា សិទ្ធិទាក់ទងនឹងការយល់ព្រមផ្នែកវេជ្ជសាស្ត្រ ប្រាក់សោធននិវត្តន៍ ការសុំកូនចិញ្ចឹម ឬសូម្បីតែរឿងសាមញ្ញៗដូចជាសមាជិកភាពក្លឹបសម្រាប់គូស្វាមីភរិយាជាដើម៕