
រដ្ឋាភិបាលប្រចាំតំបន់និយាយថា ពលរដ្ឋទីក្រុង Kherson រាប់សិបនាក់ បានមកដល់ស្ថានីយរថយន្តក្រុងក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជម្លៀសខ្លួនចេញពីទីក្រុង បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ី បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់កាលពី១ថ្ងៃមុននេះ ដែលបានវាយប្រហារទៅលើហាងទំនិញមួយនៅក្រៅក្រុង ស្ថានីយរថភ្លើង និងអគារលំនៅឋានពលរដ្ឋរស់នៅ។ ជួរជាច្រើនត្រូវបានបង្កើតនៅខាងមុខរថយន្តក្រុង ខណៈពលរដ្ឋ រួមមានទាំងស្ត្រី កុមារ និងពលរដ្ឋវ័យចំណាស់ បានរងចាំដោយមានអីវ៉ាន់ដើម្បីឡើងជិះរថយន្តក្រុង។
អភិបាលតំបន់លោក Oleksandr Prokudin បាននិយាយថា មនុស្ស៤៦នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារកាលពីថ្ងៃពុធ និងបានប្រកាសបម្រាមគោចរនៅក្នុងទីក្រុងKherson មានរយៈពេលពីល្ងាចថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃចន្ទ សម្រាប់ហេតុផលអនុវត្តច្បាប់។
ប្រធានាធិបតីលោក Volodymyr Zelenskiy កាលពីថ្ងៃពុធ បានរិះគន់ការវាយប្រហារលើទីក្រុងKherson ដោយថ្កោលទោសការវាយប្រហារបង្ហូរឈាមនេះថា រុស្ស៊ីបានបន្សល់ទុកនៅពីក្រោយការបាញ់ផ្លោងរបស់ខ្លួន។
មន្ត្រីក្នុងតំបន់និយាយថា អ្នកស្លាប់រួមមានវិស្វករ៣នាក់ ដែលកំពុងព្យាយាមជួសជុលការខូចខាតដែលរងផលប៉ះពាល់មកលើបណ្តាញអគ្គិសនី ក្នុងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីពេលមុន។
ទីក្រុងមូស្គូ បានបង្កើនការវាយប្រហារតាមអាកាសលើប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ ខណៈទីក្រុងគីវ ត្រៀមសម្រាប់ការវាយបក នូវអ្វីដែលត្រូវបានគេរំពឹងថាព្យាយាមដណ្តើមយកមកវិញទឹកដីដែលត្រូវបានគេចូលគ្រប់គ្រងនៅក្នុងតំបន់ Kherson៕

