
នៅថ្ងៃព្រហស្បតិ៍ (ទី៤ ឧសភា) នេះ ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលសំអាងលើសន្ធិសញ្ញាទ្វេភាគីដើម្បីជ្រៀតជ្រែកក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសិទ្ធិដែនដីរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ នៅពេលត្រូវសួរនាំអំពីចំណាត់ការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ជាក់ឡើងវិញនូវសម្ព័ន្ធភាពសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួនជាមួយនឹងប្រទេសហ្វីលីពីនថា "សមុទ្រចិនខាងត្បូង គឺជាទីតាំងរបស់បណ្តាប្រទេសក្នុងតំបន់ទាំងអស់ ហើយមិនគួរជាកន្លែងប្រមាញ់សម្រាប់កងកម្លាំងខាងក្រៅនោះទេ" ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃអង្គារ (២ ឧសភា) ថា សហរដ្ឋអាមេរិកឈរជាមួយហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន ដើម្បីប្រឈមតតាំងនឹងការយាយីពីសំណាក់កងកម្លាំងឆ្មាំល្បាតឆ្នេរសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ហើយនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ"ការបំភិតបំភ័យ" ដោយទីក្រុងប៉េកាំង។
កាលពីថ្ងៃចន្ទ (១ ឧសភា) ហ្វីលីពីន និងសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវសម្ព័ន្ធភាពសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ក្នុងដំណើរមួយដែលបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរបស់ខ្លួន ខណៈដែលប្រទេសទាំងពីរ កំពុងស្វែងរកមធ្យោបាយដើម្បីរុញទប់នឹងការវាតទីរបស់ចិននៅជិតកោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង៕
