ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានសុំអធ្យាស្រ័យ និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមទាំងអស់ ឲ្យមានការអត់ធ្មត់ខ្ពស់ បន្ថែមទៀត ខណៈអាជ្ញាធរបន្តបិទតំបន់ក្រហមទាំងនោះ រយៈពេល១សប្តាហ៍ទៀត ដោយសារតែបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩ មិនទាន់មានពន្លឺថយចុះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”នាព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២១នេះ លោក កើត ឆែ បានលើកឡើងថា ការបន្តបិទខ្ទប់បងប្អូនប្រជាពលរដ្ឋមិនឲ្យដើរប្រសេចប្រសាចរយៈពេល៧ថ្ងៃទៀតនេះ គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនតែប៉ុណ្ណោះ មិនមែនជាការបិទសិទ្ធិសេរីភាពអ្វីនោះឡើយ។
ជាមួយគ្នានោះដែរ លោក កើត ឆែ ក៏បានបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ការសម្រេចបិទខ្ទប់រយៈពេលមួយសប្តាហ៍ទៀតនេះ គឺបែងចែកជាតំបន់បី គឺតំបន់ក្រហម តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ហើយតំបន់នីមួយៗត្រូវបានអាជ្ញាធរកំណត់ច្បាស់លាស់ ហើយផងដែរ នាថ្ងៃទី៥ ខែឧសភា កាលពីម្សិលមិញនេះ។
នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានអះអាងផងដែរថា រហូតមកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហមមានចំនួនជិត២០ម៉ឺននាក់ហើយ ដែលបានធ្វើការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ខណៈនៅសេសសល់ក្រុមការងារ បានកំពុងបន្តធ្វើការចាក់ជាបន្តបន្ទាប់ទៀតរហូតដល់អស់ដូចការគ្រោងទុករបស់រាជរដ្ឋាភិបាលនោះ។
យ៉ាងណាក៏ដោយអាជ្ញាធរភ្នំពេញបាន បន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះវិធានការការពារមេរោគកូវីដ១៩នេះ ជាពិសេសគឺកុំភ្លេច«៣ការពារ ៣កុំ»ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជានាពេលកន្លងទៅនោះ៕
អត្ថបទ ៖ បាន ចក់

