យោងតាមសារព័ត៌មាន N1 ទីភ្នាក់ងាររបស់ទូរទស្សន៍ CNN និង បណ្ដាញផ្សព្វផ្សាយរដ្ឋ RTS មនុស្សយ៉ាងហោចណាស់៨នាក់ បានស្លាប់និង១០នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងភូមិ Dubona របស់ប្រទេសស៊ែរប៊ី។

ខ្មាន់វាយប្រហារនៅតែមិនទាន់ចាប់ខ្លួនបាននៅឡើយ ហើយដីកាចាប់ខ្លួន ត្រូវបានចេញសម្រាប់ជនសង្ស័យបុរសវ័យ២១ឆ្នាំម្នាក់នេះ ។
យោងតាមសារព័ត៌មាន N1 នគរបាលបានកំពុងឡោមព័ទ្ធតំបន់នេះ ជាទីដែលពួកគេសង្ស័យថាជានសង្ស័យកំពុងសំងំលាក់ខ្លួន។
យោងតាមសារព័ត៌មាន N1 បានរាយករាណ៍ថា រថយន្តគិលានសង្រ្គោះ និងក្រុមសាច់ញ្ញាតិអ្នករបួស បានទៅដល់មជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ក្នុងទីក្រុង Mladenovac នៃរដ្ឋធានីបែលក្រាដ (Belgrade)។
ប្រភពដដែលបានបន្ថែមថា ជនល្មើសកំពុងរត់គេចខ្លួននៅឡើយ ហើយក្រុមល្បាតទាំងអស់ ត្រូវបានបញ្ជូនទៅកាន់គោលដៅនៅទីក្រុង Mladenovac និងទីក្រុង Mali Požarevac។
ហេតុការបាញ់ប្រហារសម្លាប់រង្គាលនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសស្ថិតក្នុងតំបន់បាល់កង់មួយនេះ ត្រូវគក្រើកដោយដំណឹងនៃការបាញ់ប្រហារដោយក្មេងប្រុសជំទង់វ័យ១៣ឆ្នាំ ទៅលើក្រុមមិត្តរួមថ្នាក់ និងគ្រូបង្រៀនរបស់គេក្នុងរដ្ឋធានី Belgrade។
ប្រទេសស៊ែរប៊ី បានរឹតបន្តឹងសិទ្ធិកាន់អាវុធដល់កម្រិតខ្ពស់បំផុត នៅក្នុងពិភពលោកប៉ុន្តែការបាញ់សម្លាប់រង្គាលបែបនេះ កម្រកើតមានណាស់៕