សហរដ្ឋអាមេរិកបានបដិសេធ ការអះអាងរបស់រុស្ស៊ីដែលថា ខ្លួនជាមេគំនិតក្នុងការចោទប្រកាន់ពីបទ វាយប្រហារដោយយានដ្រូន ទៅលើវិមានក្រឹមឡាំងកាលពីថ្ងៃពុធ ក្នុងគោលបំណងធ្វើឃាតប្រធានាធិបតី លោក Vladimir Putin ។

មួយថ្ងៃបន្ទាប់ពីចោទប្រកាន់លើអ៊ុយក្រែន ពីការអនុវត្តន៍ការវាយប្រហារនោះ អ្នកនាំពាក្យរបស់លោក Putin និយាយថា ការវាយប្រហារ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីទីក្រុងវ៉ា ស៊ីនតោន។ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បានហៅការចោទប្រកាន់នោះថាជា«ការអះអាងគួឲ្យអស់សំណើច»។

អ៊ុយក្រែនបាននិយាយថា ខ្លួនពុំបានពាក់ព័ន្ធនឹងការវាយប្រហារដូចដែលបានចោទប្រកាន់នោះទេ។ លោក Putin ពុំបានស្ថិតនៅក្នុងអគារនៅពេលនោះទេ។ អ៊ុយក្រែន បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទបង្កើតឧបទ្ទវហេតុដើម្បីធ្វើឲ្យសង្គ្រាមរីកធំ។ ទោះបីជាការវាយប្រហាររបស់រុស្ស៊ីនៅតែបន្តមិនថយចុះ មនុស្ស២១នាក់បានស្លាប់កាលពីថ្ងៃពុធ ក្នុងទីក្រុង Kherson នៅភាគខាងត្បូង ហើយក៏ពុំទាន់មានសញ្ញានៃការកើនឡើងខ្លាំងពីខាងភាគីក្រុងមូស្គូនៅឡើយ។
យោងតាមអ្នកនាំពាក្យប្រធានាធិបតី Putin បានឲ្យដឹងថា ការវាយប្រហារលើវិមានក្រឹមឡាំង ជាទីប្រជុំអគាររដ្ឋាភិបាលដ៏ធំក្នុងទីក្រុងមូស្គូភាគកណ្តាល បានកើតឡើងកាលពីព្រឹកថ្ងៃពុធ។ វីដេអូលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញផ្សែងហុយឡើងនៅលើបរិវេណនោះ ហើយវីដេអូទី២ បានបង្ហាញការផ្ទុះទ្រង់ទ្រាយតូចមួយនៅខាងលើអគារព្រឹទ្ធសភានៅទីតាំងនោះ ខណៈមនុស្ស២នាក់ ទំនងជាប្រវេប្រវាឡើងលើដំបូល។