សមាជិក៥នាក់របស់ក្រុមស្ដាំនិយមជ្រុល Proud Boys រួមទាំងអតីតមេដឹកនាំ លោក Enrique Tarrio បានប្រឈមនឹងជាប់ពន្ធនាគារ២ទសវត្សរ៍ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសសម្រាប់តួនាទីរបស់ពួកគេ នៅក្នុងអំពើកុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ខែមករា ឆ្នាំ ២០២១។

បុគ្គកល៤នាក់ ត្រូវបានកាត់ទោសពីបទឃុបឃិតប្រឆាំងរដ្ឋាភិបាល ហើយអ្នកទាំង៥នាក់នោះ ត្រូវបានរកឃើញថា មានទោសពីបទរារាំងដំណើរការផ្លូវច្បាប់រួមជាមួយបទឧក្រិដ្ឋកម្មផ្សេងទៀត។
ការចោទប្រកាន់ធ្ងន់ធ្ងរបំផុត មានទម្ងន់ទោសជាប់ពន្ធនាគារ២០ឆ្នាំ។

សមាជិកជាង១០០នាក់របស់ក្រុមស្ដាំជ្រុលនិយម សុទ្ធតែបុរសទាំងអស់ បានចូលរួមធ្វើកុបកម្មនៅវិមានកាពីតូល។
ជនជាប់ចោទទាំង៥នាក់ ត្រូវបានរកឃើញថាមានទោសពីបទឃុបឃិត រារាំងក្រុមមន្ត្រីមិនឲ្យបំពេញតួនាទីការងាររបស់ពួកគេ រារាំងក្រុមមន្ត្រីអំឡុងការប្រមូលផ្ដុំគ្មានសណ្ដាប់ធ្នាប់ និងបំផ្លិចបំផ្លាញរនាំងការពារវិមានកាពីតូល ។
ក្រុមជ្រុលនិយម Proud Boys គឺជាក្រុមអ្នកគាំទ្រស្មោះស្ម័គ្ររបស់លោក Donald Trump ដែលបានដង្ហែក្បួនជាច្រើនលើកនៅក្នុងទីក្រុង Washington DC បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០ ដែលជារឿយៗតែងប៉ះទង្គិចជាមួយក្រុមប្រឆាំងរបបហ្វាស៊ីសឆ្វេងនិយមជ្រុល៕