ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈមន្រ្ដីតេឡេក្រាមនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ (SEA GAMES 2023) ដោយសម្ដេចបានបញ្ជាក់ថា ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
សម្ដេចតេជោបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕
