ហែលទឹក៖ ដោយទទួលបានសិទ្ធអនុគ្រោះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានលើកពេលមកឆ្នាំ២០២១ នៅប្រទេសជប៉ុននាខែកក្កដាខាងមុខ សហព័ន្ធខ្មែរកីឡាហែលទឹកបាននឹងកំពុងធ្វើតេស្ដអត្តពលិក ៤រូបដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើម ២រូបបញ្ជូនទៅចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ដោយសារការប្រកួតអូឡាំពិកទាមទារកីឡាករ-កីឡាការិនីត្រូវមានគុណផលខ្ពស់ កម្ពុជាពុំធ្លាប់ចូលរួមដោយឆ្លងកាត់ការប្រកួតជម្រុះនោះទេ គឺចូលរួមក្នុងនាមសិទ្ធអនុគ្រោះប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា ដើម្បីដណ្ដើមលទ្ធផលល្អលើបណ្ដាប្រទេសចូលរួមមួយចំនួន សហព័ន្ធត្រូវសម្រិតសម្រាំងក្នុងការបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួម ទោះបីក្នុងនាមសិទ្ធអនុគ្រោះក៏ដោយ។ គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូគ្រោងប្រកួតពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ ក្នុងនោះកម្ពុជាបានទទួលបានសិទ្ធអនុគ្រោះ ២ប្រភេទកីឡាដើម្បីបញ្ជូនអត្តពលិកទៅចូលរួម រួមមានកីឡាហែលទឹក ២នាក់ និងកីឡាអត្តពលកម្មម្នាក់។
លើសពីនេះ កម្ពុជាក៏បានបញ្ជូនអត្តពលិក ២ប្រភេទកីឡាផ្សេងទៀតចូលរួមប្រកួតជម្រុះផងដែរ ដោយកីឡាតេក្វាន់ដូ WT ត្រូវចូលរួមប្រកួតជម្រុះនៅប្រទេសហ្ស៊កដានីក្នុងខែឧសភានេះ ខណៈកីឡាគុនដាវបានធ្លាក់ពីការប្រកួតជម្រុះទៅហើយ៕
អត្ថបទ៖ លី ឈុនឡា