
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួនជាង ៨៤ ប៊ីលានរៀល ត្រូវប្រមាណជិត ២១ លានដុល្លារ នៅក្នុងត្រីមាស ទី១ ដោយចំណូលប្រភេទនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ, ក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញឲ្យដឹងថា ទាក់ទងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ ក្នុងនោះមានសហគ្រាសក្នុងវិស័យ e-Commerce ចំនួន ៧២ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ និងមានសហគ្រាសចំនួន ២ផ្សេងទៀត ស្ថិតក្នុងដំណើរការស្នើសុំចុះបញ្ជី។
និន្នាការកើនឡើង នៃការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដោយបុគ្គលអនិវាសនជនដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបានបង្ហាញពីភាពរីកចម្រើននៃវិស័យ e-Commerce ដែលទាមទារឱ្យអគ្គនាយកដ្ឋានពន្ធដារ ចាំបាច់ពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះវិស័យនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីកៀរគរចំណូលពន្ធដារឱ្យកាន់តែកើនឡើងបន្ថែមទៀត។
ដោយឡែកទាក់ទងការចុះបញ្ជីសហគ្រាសវិញ, ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាបញ្ហាសង្គ្រាមនៅប្រទេសមួយចំនួន ការកើនឡើងនៃអតិផរណា ដែលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសកល ក៏ដូចជាប្រទេសកម្ពុជាយ៉ាងណាក្តី ក្នុងនោះចំពោះចំនួនសហគ្រាសដែលបានចុះបញ្ជី នៅតែមានកំណើនគួរឱ្យកត់សម្គាល់។
ជាក់ស្តែងរយៈពេល ៣ ខែដើមឆ្នាំ២០២៣ សហគ្រាសថ្មីដែលបានចុះបញ្ជីពន្ធដារដោយជោគជ័យ មានចំនួន ៣ ៥៦៦ សហគ្រាស កើនឡើង ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះសហគ្រាសដែលស្នើសុំចុះបញ្ជីតាមរយៈថ្នាលបច្ចេកវិទ្យា CamDX មានចំនួន ៣ ១៧៩ សហគ្រាស និងសហគ្រាសដែលបានចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារមានចំនួន ៣៨៧ សហគ្រាស។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥ ៤៤២ ប៊ីលានរៀល ត្រូវជិត ១ ៣៤៤ លានដុល្លារ ស្មើជាង ៣៧ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ៕អត្ថបទ៖ សុន រ៉ាឌី