សម្ពាធកំពុងកើនឡើងកាន់តែខ្លាំងលើក្រុមនិយ័តករសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការបន្ថែមដើម្បីគាំទ្រដល់វិស័យធនាគាររបស់ប្រទេសនេះ ខណៈភាពរង្គោះរង្គើជាថ្មី នៅក្នុងភាគហ៊ុនបណ្ដាធនាគារផ្ដល់ប្រាក់កម្ចីតំបន់បង្ខំឲ្យធនាគារ PacWest Bancorp ស្វែងរកជម្រើសដើម្បីពង្រឹងដំណើរការរបស់ខ្លួន ។

ក្រុមនាយកប្រតិបត្តិធនាគារ Wall Street និងក្រុមអ្នកវិភាគធនាគារ បានអំពាវនាវដល់ ក្រុមនិយ័តករឲ្យផ្ដល់ការការពារបន្ថែមទៀត ឲ្យបានឆាប់សម្រាប់ប្រាក់បញ្ញើធនាគារ និងពិចារណាជម្រើសរើសទប់ទល់ផ្សេងទៀត ដោយលើកឡើងថា មានតែការធ្វើអន្តរាគមន៍តែមួយគត់ ទើបអាចបញ្ឈប់វិបត្តិនេះបាន ដែលគេបានមើលឃើញភាគហ៊ុនធនាគារផ្ដល់ប្រាក់កម្ចីក្នុងតំបន់មួយចំនួន ធ្លាក់ចុះ ជាង១០% កាលពីថ្ងៃព្រហស្បតិ៍ ជាការធ្លាក់ចុះដល់កម្រិតទាបបំផុត។ ប៉ុន្តែ គេនៅមិនទាន់ច្បាស់ទេ ថាតើ ក្រុមអាជ្ញាធរនឹងធ្វើអន្តរាគមន៍ភ្លាមៗ ឬយ៉ាងណា។
អ្នកវិភាគធនាគារ UBS លោកស្រី Erika Najarian បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា "វិនិយោគិនកំពុងបន្តផ្តោតលើតួអង្គនៅសល់ ដែលត្រូវបានចាត់ទុកថាខ្សោយបំផុត។
ភាគហ៊ុនរបស់ធនាគារ PacWest ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles បានដាំក្បាលចុះជាង៤០%ក្នុងពេលវេលាជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ជាកម្រិតទាបបំផុត បន្ទាប់ពីធនាគារផ្ដល់ប្រាក់កម្ចីមួយនេះ បានបញ្ជាប់ពីរបាយការណ៍មួយរបស់សារព័ត៌មាន Reuters ថា ខ្លួនកំពុងស្វែងរកជម្រើសជាយុទ្ធសាស្ត្រ រួមទាំងការលក់ចេញឬបង្កើនមូលធន៕