ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិបាល ផ្តោតសំខាន់ផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្រ្ត។
ការបញ្ជាក់រួមគ្នាយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាហាឡា នូរាហា ម៉ានស៊ូរី (Pahala Nugraha Mansury) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកឱសថ និងបរិក្ខារពេទ្យ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។
ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការអបអរសាទរ ដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានប្តូរវេន នាឆ្នាំ២០២៣នេះ និងបានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរអញ្ជើញទស្សនកិច្ចរយៈពេលខ្លី មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តមអនុរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ជាពិសេសគឺការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប៉ាហាឡា នូរាហា ម៉ានស៊ូរី (Pahala Nugraha Mansury) ក៏បានសុំអធ្យាស្រ័យ ជូនចំពោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដែលបានផ្តល់ដំណឹងក្នុងរយៈពេលខ្លី សម្រាប់ការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ។
ជាមួយគ្នានោះឯកឧត្តម ក៏បានស្នើកម្ពុជា ក្នុងការពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ដោយផ្តោតសំខាន់លើផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្រ្ត ព្រោះថាឥណ្ឌូនេស៊ី ជាប្រទេសមួយដែលធំនិងមានក្រុមហ៊ុន រោងចក្រផលិតឱសថច្រើន។
ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាពិសេសនៅក្នុងផ្នែកឱសថនេះ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឬក៏រវាងវិស័យឯកជន និងឯកជន ដោយអាស្រ័យទៅលើការពិភាក្សាគ្នា រវាងមន្រី្តបច្ចេកទេសជំនាញនៃប្រទេសទាំងពីរ ដែលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មាននាយកដ្ឋានឱសថ បរិក្ខារពេទ្យ និងគ្រឿងសំអាង ជាសេនាធិការក្នុងការពិភាក្សាការងារកិច្ចសហប្រតិបតិ្តការលើវិស័យផ្នែកឱសថនេះ៕អត្ថបទ រដ្ឋា






