ហៃទី ៖ អគ្គិភ័យដ៏ធំ បានឆេះរាលដាលពេញផ្សារ Shada នៅជិតរដ្ឋធានីព័រអូប្រាំង រដ្ឋធានីប្រទេសហៃទី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភា។ ទីតាំងអគ្គិភ័យឆាបឆេះ បានបំផ្លាញទំនិញមានតម្លៃរាប់ពាន់ដុល្លារ បណ្តាលឲ្យក្រុមអាជីវករកើតទុក្ខខ្លាំងចំពោះការបាត់បង់ទំនិញរបស់ពួកគេ។
មុនពេលថ្ងៃរះ ក្រុមអាជីវករ បានព្យាយាមទាំងអស់សង្ឃឹមដើម្បីពន្លត់អណ្តាតភ្លើង ដោយបាចដីខ្សាច់ទៅលើដំបូលដែលមានភ្លើងឆេះ ហើយក្រោយមកក្រុមអ្នកពន្លត់អគ្គិភ័យ បានមកដល់ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើង។ ទីផ្សារមួយនេះ ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់សហគមន៍ មានអាជីវកររាប់រយនាក់ កំពុងលក់ទំនិញជាច្រើន។
លោក Stevenson Midi ជាអាជីវករមានអាយុ៤២ឆ្នាំ បានបាត់បង់ទំនិញមានតម្លៃរាប់រយដុល្លារ។ ខណៈលោកបានប៉ាន់ស្មានពីការខូចខាតនេះ លោកនិងអាជីវករដ៏ទៃទៀតបានបង្ហាញការព្រួយបារម្ភចំពោះសមត្ថភាពរបស់ពួកគេក្នុងការទូទាត់សងប្រាក់កម្ចីធនាគារ។ វានឹងកាន់តែពិបាកក្នុងការសងត្រឡប់ទៅ វិញ។
ក្នុងពេលមានភាពចលាចល ក្រុមអាជីវករដែលរងការបំផ្លាញ អាចត្រូវបានគេស្តាប់ឭសំឡេងស្រែកថា ហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំ និងពាក្យថា តើពួកយើងបានធ្វើអ្វីខុស? ខណៈពួកគេស្វែងរកចម្លើយ គ្រឿងចក្រឈូសឆាយ បានចាប់ផ្តើមដំណើរការសម្អាតកម្ទេចកម្ទី។
មូលហេតុនៃអគ្គិភ័យ នៅតែពុំទាន់ដឹងនៅឡើយ។ អ្វីដែលបានកើតឡើងនេះក្នុងពេលដែលប្រទេសហៃទី កំពុងស្វែងរកមធ្យោបាយទប់ទល់នឹងភាពក្រីក្រដែលរួបរឹតខ្លាំង និងភាពស្រេកឃ្លាន អស្ថិរភាពនយោបាយ និងការកើនឡើងអំពើហិង្សាក្រុមជនអន្ធពាល ដែលកំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដល់ការប្រឹងប្រែងបន្តរបស់ប្រទេសនេះ។

