ភ្នំពេញ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់មេដាយមរតកអូឡាំពិកអន្តរជាតិ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ពិធីប្រគល់នេះធ្វើឡើងដោយលោក Ng Ser Miang អនុប្រធានទី១គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តំណាងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយមើលឃើញពីការយកចិត្តទុកដាក់ លើកកម្ពស់ ចលនាអូឡាំពិកឱ្យមានការរីកចំរើន និងជាពិសេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី វិស័យកីឡានៅកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធកីឡា កសាងធនធានកីឡាករ និងធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣។ ចំពោះមុខ ផ្នែកមួយនៃចលនាអូឡាំពិក កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩។
មេដាយមរតកអូឡាំពិកអន្តរជាតិ ជាមេដាយដែលត្រូវផ្តល់ជូនដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) ដល់ថ្នាក់ដឹកនាំពិភពលោកដែលបានចូលរួមក្នុងការលើកកម្ពស់ និងអភិវឌ្ឍចលនាអូឡាំពិក។ មេដាយនេះធ្វើឡើងដោយគំនិតផ្តួចផ្តើមរបស់បិតាស្ថាបនិកកីឡាអូឡាំពិកទំនើប Pierre de Coubertin (1896-1925)៕
