បាល់ទាត់៖ ក្រុមជើងឯកឆ្នាំ២០១២ តោខៀវ Chelsea បានឈានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកទី៣ ក្រោយទំលាក់ក្រុមជើងឯក ១៣សម័យ Real Madrid តាមរយៈជ័យជំនះ ២-០ នៅទឹកដី Stamford Bridge។

ជាការប្រកួតដែលគ្រប់គ្នាគិតថានឹងតានតឹងមួយតែ Chelsea សមនឹងទទួលបានជ័យជំនះនេះតាមរយៈទំរង់លេងរឹងមាំ ទោះឱកាសគ្រប់គ្រងបាល់របស់ Real Madrid ច្រើន។ ប្រព័ន្ធការពារដ៏រឹងមាំ បូករួមទាំងអ្នកចាំទី Edouard Mendy បំពេញតួនាទីបានយ៉ាងល្អ ក្រុមរបស់លោក Thomas Tuchel រកឱកាសបំប៉ោងសំណាញ់បានសំរេចនៅនាទីទី២៨ នៅពេល Kai Havertz ឆ្កឹះរំលងអតីតអ្នកចាំទី Chelsea, Thibaut Courtios បុកនឹងរបាទីតែ Timo Werner តែតបន្ថែមបញ្ចូលទីបានសំរេច។ Mason Mount ជាអ្នកសំរេចគ្រាប់ធានាជ័យជំនះឲ្យ Chelsea ឈានឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងតាំងពីគ្រងជើងឯកនៅឆ្នាំ២០១២។
លទ្ធផលនេះគឺសមិទ្ធផលអស្ចារ្យមួយទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការ Thomas Tuchel តាំងពីចូលកាន់តំណែងជំនួស Frank Lampard ដែលត្រូវបានបណ្ដេញចេញកាលពីខែមករា។ នេះជាការឈានឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League លើកទី៣ សំរាប់តោខៀវ Chelsea បន្ទាប់ពីលើកដំបូងនៅឆ្នាំ២០០៨ ចាញ់ Manchester United បាល់ ១១ម៉ែត្រកាត់សេចក្តី និងលើកទី២ ឆ្នាំ២០១២ ឈ្នះ Bayern Munich បាល់ ១១ម៉ែត្រកាត់សេចក្តី។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះនឹងធ្វើឡើងនៅទីក្រុង Istanbul ប្រទេសទួរគីថ្ងៃទី២៩ ខែឧសភា៕
អត្ថបទ៖នាង សុភាវុធ