
បណ្តារដ្ឋមន្ត្រីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) បានជួបប្រជុំនៅក្នុងរដ្ឋ Goa របស់ប្រទេសឥណ្ឌានៅថ្ងៃសុក្រ (៥ ឧសភា)នេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់។
អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាសហភាពនយោបាយនិងសន្តិសុខ ដែលមានប្រទេសអាស៊ីអឺរុបភាគច្រើន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រទេសរុស្ស៊ី ចិន និងបណ្ដារដ្ឋអតីតសហភាពសូវៀតនៅអាស៊ីកណ្តាល ហើយស្ថាប័ននេះត្រូវបានពង្រីកខ្លួនដោយដាក់បញ្ចូលឥណ្ឌា និងប៉ាគីស្ថាន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានស្វាគមន៍រដ្ឋមន្ត្រីនានា ដោយរួមទាំងសមភាគីប៉ាគីស្ថានរបស់ខ្លួនគឺលោក Bilawal Bhutto Zardari ដែលជាមេដឹកនាំជាន់ខ្ពស់ប៉ាគីស្ថានដំបូងគេដែលមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងរយៈពេលប្រាំបួនឆ្នាំ ស្របពេលមានភាពតានតឹងដ៏យូររវាងគូប្រជែងរដ្ឋនុយក្លេអ៊ែរអាស៊ីខាងត្បូងដ៏ធំទាំងពីរ ។
បណ្តារដ្ឋមន្ត្រីការបរទេស រួមទាំងលោក Sergei Lavrov របស់រុស្ស៊ី និងលោក Qin Gang របស់ចិន នឹងរៀបចំការងារសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ SCO នេះ នៅក្នុងប្រទេសឥណ្ឌាក្នុងខែកក្កដាខាងមុខ ដែលគេរំពឹងថានឹងមានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និងសមភាគីចិនលោក Xi Jinping ៕