ភ្នំពេញ÷ មនី្ទរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលនូវសម្ភារៈ វះកាត់ចោះ ចំនួន០៣ឈុត(Laparoscopic Surgery Instruments) សរុបថវិកា ចំនួន៥៧,៧១៦ដុល្លារ ពីឯកឧត្តម ទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមគ្រួសារ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា លោក និងក្រុមគ្រួសារ កន្លងមកបានផ្ដល់នូវជំនួយជាសម្ភារៈបរិក្ខារពេទ្យលើផ្នែកសម្ភព និងរោគស្ដ្រី សម្ភារៈឧបករណ៍សង្គ្រោះបន្ទាន់ និងម៉ាស៊ីនចម្រោះទឹកដោយបរិកាសជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។ សម្រាប់ថ្ងៃនេះកូនស្រី ក៏បាននាំយកនូវសម្ភារៈវះកាត់ចោះ ចំនួន៣ឈុតទៀត ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីឆ្លើយតបនឹងតម្រូវរបស់មន្ទីរពេទ្យ។ ដោយថ្មីៗនេះមើលឃើញថា មន្ទីរពេទ្យតម្រូវការសម្ភារៈបរិក្ខារពេទ្យសម្រាប់វះកាត់មួយចំនួន ទើបបានពិភាក្សាជាមួយកូនស្រីរបស់លោក ក៏បានទិញសម្ភារៈវះកាត់ចោះ ចំនួន៣ឈុត ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើឱ្យការវះកាត់នៅមន្ទីរពេទ្យមានភាពរីកចម្រើនមួយផ្នែកជូនប្រជាពលរដ្ឋយើង ដែលមកទទួលសេវាវះកាត់នៅទីនេះ។ ហើយការផ្ដល់ជូននូវសម្ភារៈបរិក្ខារពេទ្យនេះ ក៏បានផ្ដើមចេញពីទំនាក់ទំនងរបស់លោក និងកូនស្រី ជាមួយមន្ទីរពេទ្យ ដែលកាលពី១០ឆ្នាំមុន ដែលសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតល្បីៗនៃមន្ទីរពេទ្យ បានបណ្ដុះបណ្ដាលកូនស្រីរបស់លោក មុនកូនស្រីលោកបន្ដការសិក្សានៅសាលាពេទ្យ ជាពិសេសការជួយពិនិត្យ ព្យាបាល និងមើលថែជំងឺរបស់ឪពុកលោកកន្លងមក។
ក្នុងនោះនៅចុងឆ្នាំនេះ កូនស្រីរបស់លោកគ្រោងនឹងផ្ដល់ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនលើផ្នែកសង្គ្រោះបន្ទាន់ និងដឹកនាំក្រុមគ្រូពេទ្យពីសហរដ្ឋអាមេរិក មកផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា សម្ភារៈវះកាត់ចោះនេះ គឺជាគុណប្រយោជន៍ក្នុងផ្នែកសល្យសាស្ដ្រ ជាពិសេសការវះកាត់ចោះជូនអ្នកជំងឺ ដែលនេះជាការចូលរួមចំណែកដ៏មានតម្លៃ ក្នុងដំណើរការផ្ដល់សេវាសុខភាពសាធារណជូនប្រជាពលរដ្ឋនៅកម្ពុជា។ សមានចិត្ដដ៏ប្រពៃនេះ បានចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ស្របតាមគោលនយោបាយប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម្រេចបាននូវសុខសន្ដិភាព និងការរីកអភិវឌ្ឍលើគ្រប់វិស័យ។
ការជួយឧបត្ថម្ភគាំទ្រ របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងក្រុមគ្រួសារនេះ មិនមែនលើកទី១ទេ គឺជាច្រើនលើកមកហើយ ដែលនេះជាការលើកទឹកចិត្ដ និងការចូលរួមឱ្យវិស័យសុខាភិបាលកម្ពុជា មានការរីកចម្រើន ទាំងបច្ចេកទេសសម្ភារៈ និងស្មារតី ដែលការជួយនេះមានលក្ខណៈទំនើបទាន់សម័យ ទៅតាមការវិវឌ្ឍន៍របស់ពិភពលោក ដែលបានចូលរួមចំណែកដ៏សំខាន់មួយទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា









