បេសកជនស៊ូដង់ម្នាក់ ដែលត្រូវបានដកស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ខណៈលោកកំពុងនិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានទទួលយកសំណើមួយក្នុងការបញ្ឈប់បណ្តោះអាសន្នការប៉ះទង្គិចប្រដាប់អាវុធជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ប៉ុន្តែនឹងមិនចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយកងកម្លាំងRSF នេះទេ។

លោក Dafallah Haj Ali បេសកជនពិសេសនៃប្រធានក្រុមប្រឹក្សាអធិបតេ្យភាពប្រទេសស៊ូដង់ បាននិយាយ កាលពីយប់ថ្ងៃសុក្រថា យោងតាមការរាយការណ៍ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់នឹងបញ្ជូនគណៈប្រតិភូមួយក្រុម ទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សាជុំវិញថេរវេលានៃបទឈប់បាញ់ និងដំណើរការផ្នែកមនុស្សធម៌ ក្នុងប្រទេសស៊ូដង់។

លោក Ali បានដាក់ចេញនូវលទ្ធភាពនៃកិច្ចសន្ទនាដោយផ្ទាល់រវាងក្រុមយោធាជាគូប្រជែងទាំងពីរ។ យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងទ័ពស៊ូដង់កាលពីថ្ងៃពុធ បាននិយាយថាខ្លួនបានព្រមព្រៀងចំពោះគំនិតផ្តួចផ្តើមួយ ដែលបានស្នើឡើងដោយអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ(IGAD) ដែលរួមបញ្ចូលបទឈប់បាញ់បច្ចុប្បន្នដែលកំពុងបន្ថែមពេលសម្រាប់១សប្តាហ៍ និងតែងតាំងតំណាងមកពីភាគីនីមួយៗដើម្បីពិភាក្សាអំពីបទឈប់បាញ់។
កងកម្លាំងយោធាប៉ារ៉ា បាននិយាយលើបណ្តាញផ្សព្វផ្សាយសង្គមថា កងកម្លាំងគាំទ្ររហ័ស កាលពីព្រឹកថ្ងៃសុក្រ បានប្រកាស បទឈប់បាញ់រយៈពេល៧២ម៉ោងបន្ថែមទៀត ដើម្បីបើកច្រករបៀងមនុស្សធម៌ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ក្នុងការឆ្លើយតបទៅនឹងការសម្របសម្រួលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។
ការប្រយុទ្ធគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស នៅក្នុងទីក្រុង Khartoum និងតំបន់ផ្សេងៗទៀត បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាពីបទការបង្កើតជម្លោះ ដែលបានជំរុញឲ្យប្រទេសឈានទៅរកវិបត្តិមនុស្ស ធម៌។ ក្រសួងសុខាភិបាលស៊ូដង់ បាននិយាយកាលពីរសៀលថ្ងៃសុក្រថា អំពើហិង្សា បានបណ្តាលឲ្យមនុស្ស៥៥១នាក់ស្លាប់ និងជាង៥,០០០នាក់រងរបួស នៅក្នុងមណ្ឌលសុខភាពដែលបានចុះបញ្ជីនៅទូទាំងប្រទេសរួមទាំងជនប្រដាប់អាវុធពីភាគីទាំងពីរ និងជនស៊ីវិល។