ភ្នំពេញ៖ យប់ឈានចូលថ្ងៃទី៦ ខែឧសភានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានជូនដំណើរទ័ពមួកខៀវកម្ពុជាចំនួនជាង ២៤០រូប អញ្ជើញបំពេញបេសកកម្មប្តូរវេនថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធាណរដ្ឋអាហ្វ្រិកកណ្តាលរយៈពេល១ឆ្នាំ។
តាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថា ទ័ពមួកខៀវទាំង២៤៤រូប ក្នុងនោះមានស្ត្រី៣០រូប គឺជាកងកងវិស្វកម្មលេខ៤២៣ ហើយក៏ជាឆ្នាំ និងកងទី៩ ដែលកម្ពុជាបញ្ជូនប្តូរវេន ដើម្បីបន្តការស្ថាបនាសំណង់ដេក និងសំណង់បញ្ឈរ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល តាមសំណើរអង្គការសហប្រជាជាតិ UN ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ថ្លែងថា ក្នុងរយៈពេល១៧ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងជិត ៩ពាន់នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពUN ដោយទទួលបានស្នាដៃយ៉ាងធំធេងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦មក ហើយ ឯកឧត្តម ក៏សូមកោតសរសើរដោយស្មោះ និងដឹងគុណ ចំពោះពលិកម្មនៃកងកម្លាំងកម្ពុជា ដែលជាវិរបុរសថែរក្សាសន្តិភាពនៅបណ្តាប្រទេសកំពុងមានជម្លោះ និងសង្គ្រាម។
ឯកឧត្តម ប៉ុល សារឿន បន្តថា គិតមកដល់ចុងឆ្នាំ២០២២ កម្ពុជាជាប់លំដាប់លេខរៀងទី៥ ទូទាំងពិភពលោក ដែលមានសមាមាត្រដាក់ពង្រាយកងកម្លាំងជាស្រ្តី ក្នុងចំណោម៧៨ប្រទេស ដែលបរិច្ចាគកម្លាំង។
ឯកឧត្តម បន្តថា តាមរយៈការបញ្ជូនកងកម្លាំងជាស្ត្រីនេះ គឺបានធ្វើឲ្យកម្ពុជាសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្ត សមភាពយេនឌ័ររបស់UN ប្រទេសបរិច្ចាគ កងកម្លាំង ទាំងអស់ ដែលនឹងកំណត់ ឱ្យចល័តកម្លាំងនារី ជានាយទាហានសេនាធិការដល់ទៅ២៥% ។
សូមបញ្ជាក់ថា ការបញ្ជូនបេសកកម្មប្តូរវេនថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធាណរដ្ឋអាហ្វ្រិកកកណ្តាលរយៈពេល១ឆ្នាំនៅពេលនេះ បានធ្វើឡើងក្រោយពីកងទ័ពមួកខៀវ២១៩នាក់លេខ៤៣២ បញ្ចប់បេសកកម្ម១ឆ្នាំ និងបានធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា នៅថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ៕ អត្ថបទ ស៊ុម សុខជា