រដ្ឋាភិបាល ប្រទេសស៊ែរប៊ី បានប្រកាសពីវិធានការគ្រប់គ្រងអាវុធ កាលពីថ្ងៃសុក្រ ហើយនឹងអនុវត្តការពិនិត្យឡើងវិញដ៏ទូលំទូលាយពីការអនុញ្ញាតប្រើប្រាស់ អាវុធឯកជនដែលមានស្រាប់ និងច្បាប់ផ្សេងទៀត ខណៈប្រទេសនេះ កាន់ទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន២លើក នោក្នុងប្រទេសនេះក្នុងរយៈពេល១សប្តាហ៍។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic បានសន្យាថា នឹងរឹតបន្តឹងលើការកាន់កាប់អាវុធ និងបានដាក់ចេញផែនការបន្ទាន់ ដើម្បីផ្លាស់ប្តូរច្បាប់អាវុធរបស់ប្រទេសនេះ រួមទាំងការពិនិត្យឡើងវិញនូវអ្នកសិទ្ធិប្រើប្រាស់កាំភ្លើងបច្ចុប្បន្នចំនួន ៤សែនដើមនៅក្នុងប្រទេស ហើយអ្នកទាំងឡាយណាដែលកាន់កាប់កាំភ្លើង និងគ្រាប់រំសេវដោយខុសច្បាប់ នឹងអាចប្រគល់អាវុធក្នុងរយៈពេល១ខែ ដោយពុំត្រូវបានឲ្យចូលខ្លួនមកទទួលខុសត្រូវឡើយ។

យោងតាមសន្និសីទសារព័ត៌មាន បានឲ្យដឹងថា រដ្ឋាភិបាលនឹងពង្រឹងសន្តិសុខនៅតាមសាលារៀន ដោយដាក់បន្ថែមមន្ត្រីនគរបាលចំនួន១២០០នាក់ នៅរយៈពេល៦ខែបន្ទាប់ ដើម្បីកាត់បន្ថយហានិភ័យអំពើហិង្សា។