អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានជំរុញឲ្យភាគីប្រដាប់អាវុធទាំងអស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទម្លាក់ចុះអាវុធរបស់ពួកគេ ដោយលោកបានលើកឡើងថា វត្តមានរបស់ពួកគេ បណ្តាលឲ្យកើតមានសោកនាដកម្មមនុស្សធម៌ និងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។

លោក Guterres បានថ្លែងបែបនេះ នៅឯជំនួបមេដឹកនាំក្នុងតំបន់ ក្នុងទីក្រុង Bujumbura គឺជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសប៊ូរុនឌី ដោយរូបលោកបានកោះប្រជុំ ដើម្បីពិភាក្សាលើស្ថានភាពសន្តិសុខក្នុងប្រទេសកុងហ្គោ ជាទីដែលក្រុមប្រដាប់អាវុធរងការស្តីបន្ទោសសម្រាប់អំពើហិង្សា និងការជម្លៀសជនស៊ីវិលទ្រង់ទ្រាយធំ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតំបន់ភាគខាងកើតកុងហ្គោ បានញាំញីដោយសារអំពើហិង្សាទ្រង់ទ្រាយធំ ដែលរួមទាំងករណីកាប់សម្លាប់ ចាប់រំលោភសេពសន្ថវៈដោយក្រុមបះបោរប្រដាប់អាវុធមកពីក្រុមជាច្រើន រួមទាំងក្រុមចលនា ២៣ឧសភា (M23) និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ។
លោក Guterres និយាយថា លោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀតឲ្យមានការបន្ធូរបន្ថយភាពតានតឹង ភាពធូរស្រាល និងការអត់ធ្មត់របស់ក្រុមប្រដាប់អាវុធ មិនថាក្រុមក្នុងស្រុក ឬក្រៅស្រុកនោះទេ ពួកគេត្រូវតែទម្លាក់អាវុធចុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ មានក្រុមប្រដាប់អាវុធជាង១០០ក្រុម នៅតំបន់ភាគខាងកើតកុងហ្គោ ហើយវត្តមានរបស់ពួកគេ បានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។
លោក Guterres បន្តិថា ការក្រោកឈរឡើងវិញរបស់ក្រុមឧទ្ទាម M23 ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១រហូតមក បានជម្លៀសមនុស្សយ៉ាងហោច ៥០ម៉ឺននាក់ ។
កុងហ្គោ បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលត្រូវបានបង្កើតឡើងពីជនជាតិភាគតិច Tutsiនៅភាគខាងកើតកុងហ្គោ ប៉ុន្តែរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់បែបនេះ ៕