លោក Zakhar Prilepin គឺជាអ្នកនិពន្ធជាតិនិយមរុស្ស៊ីដ៏លេចធ្លោម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះរថយន្ត ដែលបានសម្លាប់អ្នកបើកបររបស់លោក កាលពីថ្ងៃសៅរ៍ ហើយក្រុមអ្នកស៊ើបអង្កេត និយាយថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន បានសារភាពថា ខ្លួនបានធ្វើក្នុងនាមអ៊ុយក្រែន ។

ភ្លាមៗនោះដែរ ក្រុមមន្រ្តីរុស្ស៊ី បានថ្កោលទោសការបំផ្ទុះរថយន្តពីសំណាក់អ៊ុយក្រែន និងលោកខាងលិច ។
គណៈកម្មាធិការស៊ើបអង្កេតរដ្ឋ បាននិយាយថា រថយន្ត Audi Q7 របស់អ្នកនិពន្ធ Prilepin បានផ្ទុះឡើងនៅក្នុងភូមិស្ថិតនៅតំបន់ Nizny Novgorod ដែលមានចម្ងាយប្រហែល ៤០០គ.មភាគខាងកើតទីក្រុងម៉ូស្គូ ។លោក Prilepin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

គណៈកម្មាធិការស៊ើបអង្កេតរដ្ឋ បានបញ្ចេញរូបភាពសន្លឹកបង្ហាញរថយន្តពណ៌ស.មួយគ្រឿង ក្រឡាប់ផ្ងារពោះលើផ្លូវនៅជាប់ដើមឈើ ដោយមានស្នាមខូងដីជ្រៅនៅជិតគ្នា និងបំណែកដែករាយប៉ាយនៅក្បែរនោះ ។
ក្រោយមកពួកគេ បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមស៊ើបអង្កេតបានសួរចម្លើយជនសង្ស័យឈ្មោះ Alexander Permyakov ។
នៅក្នុងវីដេអូដែលពួកគេបានចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃសៅរ៍ ឃើញបុរសសង្ស័យ ទទួលស្គាល់ថា ខ្លួនត្រូវបានជ្រើសរើសដោយក្រុមសេវាកម្មសម្ងាត់អ៊ុយក្រែន និងបានបញ្ជាក់គោលដៅរបស់លោកចង់សម្លាប់ និងកម្ចាត់លោក Zakhar Prilepinចោល ៕