ក្រុមនគរបាលនិយាយថា មនុស្សយ៉ាងហោច ៩នាក់បានស្លាប់ និងមនុស្សយ៉ាងហោច ៧នាក់ផ្សេងទៀត បានរងរបួសក្រោយខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារទៅលើអ្នកទិញទំនិញនៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Allen នៅភាគខាងជើងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។

លោក Brian Harvey គឺជាស្នងការនគរបាលក្រុង Allen និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខ្មានក់កាំភ្លើងដែលក្រុមអាជ្ញាធរជឿថា ធ្វើតែម្នាក់ឯង ត្រូវបានបាញ់សម្លាប់ដោយក្រុមនគរបាល ក្រោយគាត់ចាប់ផ្តើមបាញ់ប្រហារនៅក្រៅផ្សារទំនើប Allen Premium Outlets ។
មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្សារទំនើប ពេលដែលបុរសម្នាក់ បើកការបាញ់ប្រហារមិនរើសមុខទៅលើអ្នកដំណើរឆ្លងកាត់។
រូបភាពវីដេអូឃ្លីបទទួលបានពីសារព័ត៌មានក្នុងស្រុក ឃើញក្រុមនគរបាលប្រញាប់ប្រញាល់ ជម្លៀសអ្នកទិញទំនិញចេញពីផ្សារទំនើប ក្នុងនោះរថយន្ត និងរថយន្តសង្រ្គោះបន្ទាន់ បានចតនៅច្រកចូលក្បែរនោះ ។ឈាមអាចមើលឃើញនៅលើចញ្ចើមផ្លូវក្រៅផ្សារទំនើប និងក្រណាត់ស.គ្របសាកសពមនុស្សជាច្រើននាក់ ។
Allenគឺជាទីក្រុងសហគមន៍មួយស្ថិតនៅក្នុងរដ្ឋ Texas ដែលមានប្រជាពលរដ្ឋរស់នៅប្រហែល ១០ម៉ឺននាក់ ។
សូមបញ្ជាក់ថា ករណីបាញ់បោះសេរីទ្រង់ទ្រាយធំ បានក្លាយជារឿងធម្មតាទៅហើយនៅសហរដ្ឋអាមេរិក ពោលគឺហេតុការណ៍បាញ់ប្រហារយ៉ាងហោច ១៩៨លើក បានកើតឡើងមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕