ថៃ ៖ ប្រជាពលរដ្ឋថៃ បានឈរតម្រង់ជួរក្រោមអាកាសធាតុក្តៅនៅក្រៅវត្តមានអារ៉ាម សាលារៀន ផ្សារទំនើប និងទីកន្លែងផ្សេងទៀត ដើម្បីបោះឆ្នោតមុនកាលកំណត់នៅថ្ងៃអាទិត្យនេះ មុនការបោះឆ្នោតមានប្រជាពលរដ្ឋចូលរួមច្រើន នៅសប្តាហ៍ក្រោយ ។
គួរឲ្យដឹងថា មានប្រជាពលរដ្ឋថៃជាង ២លាននាក់នៅទូទាំងប្រទេសបានចុះបញ្ជីបោះឆ្នោតមុនកាលកំណត់ មុនការបោះឆ្នោតសកលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ គឺជាការបោះឆ្នោតមួយមានការចូលរួមច្រើនពីគណបក្សទើបបង្កើតថ្មីគាំទ្រដោយយោធា និងគណបក្សប្រឆាំង ។
លោកនាយករដ្ឋមន្រ្តី Prayut Chan-o-Cha ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ មុនពេលពង្រឹងការគ្រប់គ្រងនៅការបោះឆ្នោតជម្លោះឆ្នាំ ២០១៩នោះ បានធ្លាក់ប្រជាប្រិយភាពរបស់លោកនៅការស្ទង់មតិ ដោយក្រុមអ្នកបោះឆ្នោតងាករកការគាំទ្រគណបក្សប្រឆាំង Pheu Thai និងគណបក្សបោះជំហានទៅមុខ Move Forward ។
ប៉ុន្តែដោយប្រព័ន្ធបោះឆ្នោតលំអៀងខ្លាំងទៅខាងគណបក្សគាំទ្រដោយយោធានោះ គណបក្សដែលចូលរួមការប្រកួតប្រជែងត្រូវតែសម្រេចឲ្យបានជ័យជំនះដ៏ច្រើនលើសលប់ ដើម្បីមានសង្ឃឹមថាអាចបង្កើតរដ្ឋាភិបាលបាន ។
នាង Srisuda Wongsa-ad វ័យ ២៨ឆ្នាំ ដែលជាកម្មករបម្រើការនៅផ្សារទំនើប និយាយក្រោយការបោះឆ្នោតរបស់នាងថា ខ្ញុំសង្ឃឹមថា ការបោះឆ្នោតលើកនេះ នឹងផ្លាស់ប្តូរមុខមាត់ប្រទេសឲ្យល្អប្រសើរជាងនេះ ។ នាងបន្តទៀតថា ខ្ញុំបោះឆ្នោតឲ្យបេក្ខជន និងគណបក្សដែលខ្ញុំពេញចិត្ត ដែលអាចឆ្លើយតបនឹងតម្រូវការចង់បានរបស់ខ្ញុំ ៕ ដោយ ៖ សារ៉ាត់
