ជប៉ុន ៖ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ខណៈដែលមេដឹកនាំទាំង២ ចង់ពង្រឹងទំនាក់ទំនង ស្របពេលមានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងឥទ្ធិពលកើនឡើងរបស់ចិន ។
ដំណើរទស្សនកិច្ចទ្វេភាគីរបស់លោក Kishidaដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជប៉ុនទៅកាន់ទីក្រុងសេអ៊ូលក្នុងរយៈពេល ១២ឆ្នាំ គឺជាការឆ្លើយតបនឹងនឹងដំណើរទស្សនកិច្ចដែលលោក Yoon បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ កាលពីខែមីនា ជាទីដែលមេដឹកនាំទាំងពីរព្យាយាមបញ្ចប់ជម្លោះជាប្រវត្តិសាស្រ្តពាក់ព័ន្ធជាមួយទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
លោក Yoon កំពុងប្រឈមនឹងការរិះគន់ច្រើននៅក្នុងប្រទេសរបស់លោក ដែលថាលោកបានផ្តល់ជូនច្រើនជាងលោកទទួលបាន ក្នុងកិច្ចខិតខំធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាមួយជប៉ុន រួមទាំងការស្នើដែលថាក្រុមវិស័យធុរកិច្ចកូរ៉េខាងត្បូង ជាអ្នកចេញសងជំងឺចិត្តជនរងគ្រោះនៃពលកម្មក្នុងសម័យសង្រ្គាម អំឡុងការកាន់កាប់អាណានិគមន៍ជប៉ុន ឆ្នាំ ១៩១០-១៩៤៥ ពុំមែនជាក្រុមហ៊ុនធុរកិច្ចរបស់ជប៉ុនដែលត្រូវតុលាការចេញបញ្ជាឲ្យសងការជំងឺចិត្ត
ក្រុមមន្រ្តីកូរ៉េខាងត្បូង សង្ឃឹមថា លោក Kishida នឹងធ្វើកាយវិការស្រដៀងគ្នា និងផ្តល់ការគាំទ្រផ្នែកនយោបាយមួយចំនួន បើទោះបីជាក្រុមអ្នកសង្កេតការមួយចំនួនតូច រំពឹងដល់ការសុំទោសជាសាធារណៈបន្ថែមទៀតសម្រាប់កំហុសឆ្គងប្រវត្តិសាស្រ្តក៏ដោយ ។ លោក Yoon ខ្លួនលោកផ្ទាល់ ធ្លាប់បានបង្ហាញរួចហើយថាលោកមិនជឿថាវាចាំបាច់នោះទេ ៕

