អាមេរិក ៖ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សជាច្រើននាក់នៅឯផ្សារទំនើបដ៏មមាញឹកមួយនៅភាគឦសាននៃទីក្រុងដាឡាស ក្នុងរដ្ឋតិចសាសកាលពីថ្ងៃសៅរ៍ មុនពេលត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនគរបាលម្នាក់។ វីដេអូថតបានដោយសាក្សីផ្ទាល់ភ្នែក បានចាប់យកសំឡេងកាំភ្លើងដែលគេបានឮចេញពីផ្សារទំនើប Allen Premium Outlets ។
នគរបាលបាននិយាយថា ពួកគេនៅតែព្យាយាមរកហេតុផលពីក្រោយការបាញ់ប្រហារនេះ។ មន្ទីថែទាំសុខភាពវេជ្ជសាស្រ្តក្រុង ដែលគ្រប់គ្រងមន្ទីរពេទ្យចំនួន ១៦ ក្នុងតំបន់នោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្ដាមជ្ឈមណ្ឌលខ្លួនកំពុងព្យាបាលជនរងគ្រោះដែលរងរបួស ដោយក្នុងនោះជនរងគ្រោះក្មេងជាងគេមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។
បុគ្គលិកហាងទំនិញម្នាក់បាននិយាយថា ខ្លួនបានឮសំឡេងកាំភ្លើងជាច្រើនដង។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អភិបាលរដ្ឋតិចសាស លោក Greg Abbott បានហៅការបាញ់ប្រហារនេះថាជា "សោកនាដកម្មដែលមិនអាចថ្លែងបាន" ហើយបាននិយាយថា រដ្ឋបានរៀបចំផ្តល់ជំនួយផ្សេងៗដែលក្រុមអាជ្ញាធរមូលដ្ឋានត្រូវការ៕

