អន្តរជាតិ ៖ កាលពីថ្ងៃសៅរ៍ (៦ ឧសភា) នគរបាលបានចាប់ខ្លួនក្រុមបាតុករប្រឆាំងរបបរាជានិយមជាច្រើននាក់ នៅមុនការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ឆាល ខណៈដែលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃក្បួនដង្ហែ។ លោក Harry Stratton មកពីក្រុម Republic បាននិយាយថា បាតុករចំនួន ៦នាក់ ត្រូវបានចាប់ខ្លួន។
ព្រះមហាក្សត្រ ឆាលទី៣ បានយាងទៅដល់ព្រះវិហារ Westminster Abbeyនៃទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ដើម្បីឡើងគ្រងរាជ្យសម្បត្តិនៅក្នុងព្រះរាជពិធីដ៏អធិកអធមបំផុតរបស់ចក្រភពអង់គ្លេស ក្នុង រយៈពេលប្រាំពីរទសវត្សរ៍ ដែលជាការបង្ហាញដ៏អស្ចារ្យនៃព្រះរាជពិធីដែលមានមកតាំងពីជាង១.០០០ ឆ្នាំនេះ។
ព្រះមហាក្សត្រ ឆាល បានស្នងរាជ្យបន្តពីព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រីអេលីហ្សាបិត នៅពេលដែលទ្រង់សោយព្រះពិរាល័យកាលពីខែកញ្ញាឆ្នាំមុន ហើយដោយស្ថិតក្នុងព្រះជន្ម៧៤ព្រះវស្សា ព្រះមហាក្សត្រ ឆាល នឹងក្លាយជាព្រះមហាក្សត្រអង់គ្លេសមានវ័យចំណាស់ជាងគេបំផុត ដោយទ្រង់ពាក់ម្កុដមានអាយុកាល៣៦០ឆ្នាំរបស់ព្រះមហាក្សត្រ Saint Edward លើព្រះកេស ខណៈដែលព្រះអង្គគង់លើបល្ល័ង្កសតវត្សទី១៤ នៅព្រះវិហារ Westminster Abbey ទីក្រុងឡុងដ៍។
ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិកំពុងប្រព្រឹត្តទៅចំពេលមានវិបត្តិជីវភាព និងការសង្ស័យរបស់សាធារណៈជន ជាពិសេសក្នុងចំណោមយុវជន អំពីតួនាទី និងភាពពាក់ព័ន្ធនៃរបបរាជានិយម៕

